ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោក Pascal Bijleveld ប្រធាននាយក ប្រតិបត្តិទីមួយរបស់អង្គការ ATscale និងលោក បាក់ តូក្យូ នាយកប្រចាំប្រទេសមូលនិធិហ្រ្វេតហូឡូ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានគោរពស្នើសុំការគាំទ្រពីក្រសួងសុខាភិបាល ក្នុងការអនុវត្តគម្រោងលើវិស័យចក្ខុរោគកាន់តែមានប្រសិទ្ធិភាពខ្ពស់។
លោក Pascal Bijleveld បានលើកឡើងទៀតថា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យចក្ខុរោគនេះកាន់តែមានប្រសិទ្ធិភាពខ្ពស់ មូលនិធិហ្វ្រេតហូឡូ មានសកម្មភាពសំខាន់ៗដូចជា៖ ធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាបកបាយភ្នែក និងសេវាកែតម្រូវ កំហុសកំណុំរូបភាពមានគុណភាពខ្ពស់ ពិសេសសម្រាប់ស្ត្រី ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។
ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពធនធានមនុស្ស ក្នុងវិស័យសុខភាពភ្នែក និងពង្រីកទីតាំងសេវាដល់តំបន់ដាច់ស្រយាល។ ឆ្ពោះទៅរកប្រព័ន្ធសុខភាពភ្នែកមួយដែលមានគណនេយ្យភាព ប្រសិទ្ធភាព និងធនធានប្រកបដោយនិរន្តរភាព និងធ្វើអោយប្រសើរឡើង នូវលទ្ធផលសុខភាពភ្នែកដោយការពង្រឹងគុណភាពនៃសេវាកម្មវះកាត់បកបាយភ្នែកសេវាកែរ តម្រូវ កំហុសកំណុំរូបភាព។
ជាការឆ្លើយតប លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ បានសម្តែងអំណរគុណចំពោះអង្គការ និងអង្គការមូលនិធិហ្វេតហូឡូ ដែលតែងតែឧបត្ថម្ភគាំទ្រដល់ប្រតិបត្តិការរបស់កម្មវិធីជាតិសុខភាពភ្នែក និងបានចូលរួមចំណែកកាត់បន្ថយបញ្ហាភ្នែក និងភាពពិការភ្នែករបស់ប្រជាជនកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងសុខុមាលភាព របស់ប្រជាជនកម្ពុជា និងសូមគាំទ្រចំពោះគម្រោង និងបានសំណូមពរអង្គការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីជាតិសុខភាពភ្នែក ដើម្បីអនុវត្តគម្រោងនេះ ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក។
ឆ្លៀតក្នុងឱកាសនោះ លោក Pascal Bijleveld បានសម្តែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលតែងតែផ្ដល់ នូវការគាំទ្រនិងកិច្ចសហការដ៏ល្អទើបអង្គការហ្រ្វេតហូឡូ អាចបំពេញបេសកម្មមនុស្សធម៌ដ៏ថ្លៃថ្លារបស់ខ្លួន ដោយជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ។
ចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២៤ លោកបានកំណត់គោលដៅបំពេញបេសកកម្មមនុស្សធម៌ចំនួន១៦ រាជធានី/ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង សៀមរាប កំពង់ចាម កំពង់ស្ពឺ ត្បូងឃ្មុំ កំពង់ធំ កំពត កំពង់ឆ្នាំង ស្វាយរៀង ក្រចេះ ព្រះសីហនុ ឧត្តរមានជ័យ ព្រះវិហារ និងរតនគិរី ដែលមានថវិកាសរុបប្រមាណ ៥,៨៥០,៧២៧ ដុល្លាអាមេរិក៕ អត្ថបទ រដ្ឋា



