តុលាការកំពូលរបស់សហរដ្ឋអាមេរិក គ្រោងនឹងបើកសវនាការ នៅថ្ងៃពុធ (ទី៥ ខែវិច្ឆិកា) ស្តីពីភាពស្របច្បាប់នៃការប្រើប្រាស់អំណាចមិនធ្លាប់មានពីមុនរបស់លោក Donald Trump ក្នុងការដាក់ចេញនូវអត្រាពន្ធគយយ៉ាងទូលំទូលាយជាសកល ជាករណីដែលធ្វើឲ្យប៉ះពាល់ដល់ចំណុចសំខាន់នៃរបៀបវារៈសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី។
ចាប់តាំងពីការវិលត្រឡប់ទៅសេតវិមានវិញ លោក Trump បានប្រើប្រាស់សិទ្ធិអំណាចសេដ្ឋកិច្ចក្នុងគ្រាអាសន្ន ដើម្បីដាក់ពន្ធ «បដិការ» លើបណ្ដាប្រទេសដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា អនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ជាមួយខ្លួន រួមជាមួយនឹងកាតព្វកិច្ចដាច់ដោយឡែកដែលផ្តោតលើដៃគូពាណិជ្ជកម្មធំៗបំផុតរបស់ខ្លួនផងដែរ គឺម៉ិកស៊ិក កាណាដា និងចិន។

ប៉ុន្តែពន្ធគយទាំងនេះ ដែលជាផ្នែកដ៏សំខាន់នៃគោលនយោបាយពាណិជ្ជកម្ម «America First» (អាមេរិកទី១) របស់លោកដែលមានគោលបំណងការពារ និងជំរុញឧស្សាហកម្មអាមេរិក បានជួបប្រទះបញ្ហាប្រឈមផ្លូវច្បាប់យ៉ាងឆាប់រហ័ស។ តុលាការជាន់ទាបបានសម្រេចកាលពីខែឧសភាថា លោក Trump បានទៅហួសពីការប្រើសិទ្ធិអំណាចរបស់លោក ក្នុងការដាក់ចេញពន្ធនេះ ទោះបីជាការប្ដឹងឧទ្ធរណ៍របស់រដ្ឋបាលអាចឲ្យវិធានការនេះបន្តមានបណ្តោះអាសន្នក៏ដោយ។
តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក បានសម្រេចដោយសំឡេង ៧ ទល់នឹង ៤ កាលពីខែសីហាថា កាតព្វកិច្ចពន្ធនេះ គឺខុសច្បាប់ ដោយបញ្ជាក់ពីការរកឃើញរបស់តុលាការជាន់ទាប ដែលជំរុញឲ្យលោក Trump យកករណីឡើងទៅតុលាការកំពូល។ សេចក្ដីសម្រេចរបស់តុលាការកំពូល នឹងមានផលប៉ះពាល់យ៉ាងធំ តែវាអាចចំណាយពេលច្រើនខែ។
តុលាការកំពូលដែលភាគច្រើនជាក្រុមអភិរក្សនិយម អាចយល់ឃើញថា វិធានការពន្ធនេះ គឺខុសច្បាប់ ដោយរារាំងកាតព្វកិច្ចដែលដាក់លើទំនិញពីប្រទេសនានាទូទាំងពិភពលោក។ តែប្រសិនបើចៅក្រម អាចបញ្ជាក់ពីវិធានការរបស់លោក Trump ថា ត្រឹមត្រូវ នោះនឹងបើកឱកាសឲ្យមានការយកពន្ធបន្ថែមទៀត៕
