ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃអាទិត្យ (ទី២ ខែវិចិ្ឆកា) បានស្នើឲ្យមានជំនួប រវាងប្រធានាធិបតីរបស់ខ្លួន ជាមួយសមភាគីអាមេរិក លោក Donald Trump បន្ទាប់ពីមេដឹកនាំសហរដ្ឋអាមេរិក បានគំរាមចាត់វិធានការយោធា ចំពោះអ្វីដែលលោកបានពិពណ៌នាថា ជាការគំរាមកំហែងដល់គ្រិស្តបរិស័ទនីហ្សេរីយ៉ា ពីសំណាក់ពួកជ្រុលនិយម។
តាមរយៈការបង្ហោះសារពេញដោយកំហឹង លោក Trump បានរៀបរាប់នៅលើបណ្ដាញសង្គមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅថា លោកបានស្នើឲ្យមន្ទីរបញ្ចកោណ រៀបចំត្រៀម សម្រាប់លទ្ធភាពនៃការមានផែនការវាយប្រហារ នៅក្នុងប្រទេសនីហ្សេរីយ៉ា ពោលគឺមួយថ្ងៃបន្ទាប់ពីការព្រមានថា គ្រិស្តសាសនា កំពុង «ប្រឈមនឹងការគំរាមកំហែងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ» នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតរបស់ទ្វីបអាហ្វ្រិក។

នីហ្សេរីយ៉ា ដែលស្ទើរតែត្រូវបានបែងចែកជា២ រវាងភាគខាងជើងដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើន និងភាគនិរតីដែលភាគច្រើនជាគ្រិស្តបរិស័ទ កំពុងតែជាប់នៅក្នុងជម្លោះជាច្រើន ដែលអ្នកជំនាញនិយាយថា បានសម្លាប់ទាំងគ្រិស្ត និងមូស្លីមបរិស័ទដូចគ្នា។
នៅក្នុងការបង្ហោះសារលើបណ្ដាញសង្គមនោះ លោក Trump បានលើកឡើងថា ប្រសិនបើនីហ្សេរីយ៉ាមិនអាចបញ្ឈប់ការសម្លាប់បានទេ សហរដ្ឋអាមេរិកនឹងវាយប្រហារ ហើយ «វានឹងមានភាពលឿនរហ័ស ឥតប្រណី និងល្អប្រសើរ ដូចពួកចោរភេរវករវាយប្រហារគ្រិស្តបរិស័ទជាទីគោរពស្រឡាញ់របស់យើង»។
លោក Daniel Bwala អ្នកនាំពាក្យរបស់លោកប្រធានាធិបតីនីហ្សេរីយ៉ា Bola Ahmed Tinubu បានប្រាប់សារព័ត៌មានកាលពីថ្ងៃអាទិត្យថា៖ «ប្រទេសនីហ្សេរីយ៉ា គឺជាដៃគូរបស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មជាសកល។ នៅពេលដែលមេដឹកនាំជួបប្រជុំគ្នា នឹងមានលទ្ធផលប្រសើរជាងមុន» ។
ហើយលោកបានសង្កត់ធ្ងន់ថា៖ «នីហ្សេរីយ៉ាស្វាគមន៍ការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដរាបណាមានការគោរពបូរណភាពទឹកដីរបស់យើង»៕
