ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យ (ទី២ ខែវិច្ឆិកា) បានបញ្ជូននូវសញ្ញាចម្រុះគ្នា អំពីលទ្ធភាពនៃការមានអន្តរាគមន៍របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដោយនិយាយសម្រាលនូវក្តីបារម្ភពីការជិតកើតមានសង្រ្គាម ប្រឆាំងនឹងប្រជាជាតិរបស់តំបន់អាមេរិកខាងត្បូងមួយនេះ ប៉ុន្តែបានបញ្ជាក់ថា ថ្ងៃកាន់អំណាចរបស់មេដឹកនាំ លោក Nicolas Maduro ត្រូវបានកម្រិត។
ការកត់សម្គាល់របស់ប្រធានាធិបតីដែលមាននៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធព្សព្វផ្សាយ CBS ចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក ប្រមូលផ្តុំអង្គភាពយោធា នៅតំបន់ការ៉ាអ៊ីព ហើយបានវាយប្រហារជាច្រើនលើកលើនាវា ដែលត្រូវបានចោទប្រកាន់ថា ជួញដូរគ្រឿងញៀន ដោយបានសម្លាប់មនុស្សរាប់សិបនាក់។

ក្នុងកម្មវិធី «60 Minutes» (៦០នាទី) នៅពេលត្រូវបានសួរថា តើសហរដ្ឋអាមេរិកនឹងធ្វើសង្រ្គាមប្រឆាំងនឹងវ៉េណេស៊ុយអេឡាដែរ ឬទេ លោក Trump បានប្រាប់ថា៖ «ខ្ញុំមិនជឿថា វាកើតឡើងនោះទេ។ ខ្ញុំមិនគិតដូច្នេះឡើយ»។ តែទោះបីជាយ៉ាងនេះក៏ដោយ នៅពេលត្រូវបានសួរថា តើថ្ងៃកាន់អំណាចរបស់លោក Maduro ជាប្រធានាធិបតី ត្រូវបានកម្រិតដែរ ឬទេ លោក Trump បានឆ្លើយតបថា៖ «ខ្ញុំនឹងនិយាយថា មែន។ មែនហើយ ខ្ញុំគិតដូច្នេះ»។
លោក Maduro ដែលប្រឈមនឹងការចោទប្រកាន់ផ្លូវការពីបទជួញដូរគ្រឿងញៀន នៅសហរដ្ឋអាមេរិក បានចោទទីក្រុងវ៉ាស៊ីនតោនថា បានប្រើប្រាស់ការជួញដូរគ្រឿងញៀនជាលេស ដើម្បី «ផ្លាស់ប្តូររបប» នៅទីក្រុងការ៉ាកាស ក្នុងគោលបំណងរឹបអូសយកប្រេងរបស់វ៉េណេស៊ុយអេឡា។
គួរបញ្ជាក់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកច្រើនជាង ១៥លើក លើទូក នៅសមុទ្រការ៉ាអ៊ីព និងមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៥នាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយចុងក្រោយបំផុត បានកើតឡើងកាលពីថ្ងៃទី៣១ ខែតុលា ដែលបង្កឲ្យមានការរិះគន់ពីរដ្ឋាភិបាលក្នុងតំបន់នេះ៕
