សាលារៀននៅតាមបណ្តោយព្រំដែន ដែលជាតំបន់ក្តៅជាមួយភាគីថៃ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានបើកដំណើរការបង្រៀនឡើងវិញជាធម្មតា ក្រោយបិទអស់រយៈ ជាងបីខែ បន្ទាប់ពីមានការប៉ះទង្គិចគ្នាប្រដាប់ដោយអាវុធជាមួយភាគីថៃ។
លោកគ្រូ អ្នកគ្រូ ដែលបានកំពុងបង្រៀននៅសាលា ដែលស្ថិតនៅតាមបណ្តោយព្រំដែនជម្លោះជាមួយភាគីថៃនោះ បានបង្ហាញអារម្មណ៍ធូរស្រាលចិត្ត និងប្រកបដោយភាពជឿជាក់ ក្រោយស្ថានភាពនៅតំបន់របស់ពួកគាត់មានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមានដំណោះស្រាយរបស់រាជរដ្ឋាភិបាលដោយសន្តិវិធី រហូតបានឲ្យមានការបើកបង្រៀនឡើងវិញនាពេលនេះ។
លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាហនុមាន ស្ថិតនៅឃុំគោកម៉ន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានលើកឡើងថា សាលាបឋមសិក្សាមួយនេះបានបង្ខំបិទអស់រយៈពេលជាងបីខែមកហើយ បន្ទាប់ពីមានការប៉ះទង្គិចគ្នាប្រដាប់ដោយអាវុធជាមួយភាគីថៃ ហើយ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ រួមទំាងប្រជាពលរដ្ឋនៅតំបន់នេះបានរត់ភៀសសឹករកកន្លែងមានសុវត្ថិ ប៉ុន្តែក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព កូឡាឡាំពួ រវាងកម្ពុជា និងថៃបានធ្វើប្រជាពលរដ្ឋនៅតំបន់នេះវិលត្រឡប់មកវិញជាបន្តបន្ទាប់ និងបាត់ភាពភ័យខ្លាចដូចមុនផងដែរ។
ជាមួយគ្នានោះដែរ លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សា ហនុមាន ក៏បានបង្ហាញក្តីរំពឹងថា ថ្នាក់ដឹកនាំកម្ពុជា និងថៃនឹងមានដំណោះស្រាយជាមួយគ្នាបន្តទៀតដោយសន្តិវិធី ដើម្បីបញ្ជៀសការប៉ះគ្នាដោយអាវុធ លុបបំបាត់ភាពភ័យខ្លាចរបស់ប្រជាជននៃប្រទេសទាំងពីរ ដែលកំពុងរស់នៅតាមព្រំដែន។ ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ រំពឹងផងដែរថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃនឹងមានភាពធូរស្រាល និងភាពល្អប្រសើរឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដើម្បីជាឱកាសផ្តល់ការសិក្សាដល់សិស្សានុសិស្សនៅតាមព្រំដែននៃប្រទេសដែលជាភូមិផងរបងតែមួយជាមួយគ្នានេះ៕ អត្ថបទ៖ បានចក់






