បណ្ដាមេដឹកនាំពិភពលោក បានអំពាវនាវឲ្យមានកិច្ចពិភាក្សាជាថ្មី ដើម្បីបញ្ឈប់សង្រ្គាម នៅក្នុងប្រទេសស៊ូដង់ ខណៈដែលលេចចេញនូវរបាយការណ៍ពីការមានអំពើភាពឃោរឃៅរីករាលដាល នៅក្នុងទីក្រុងមួយ ដែលត្រូវបានដណ្ដើមគ្រប់គ្រងនាពេលថ្មីៗនេះដោយក្រុមប្រដាប់អាវុធ ដែលប្រយុទ្ធជាមួយរដ្ឋាភិបាលគាំទ្រដោយកងទ័ព។
ចាប់តាំងពីបានដណ្តើមកាន់កាប់ទីក្រុង El-Fasher នៅភាគខាងលិចនៃប្រទេសស៊ូដង់ កាលពីថ្ងៃទី២៦ ខែតុលា កងកម្លាំងគាំទ្ររហ័ស (RSF) ត្រូវបានចោទប្រកាន់ថា បានសម្លាប់មនុស្សរាប់រយនាក់ ខណៈដែលជនស៊ីវិលប្រហែល ៣០.០០០នាក់ បានភៀសខ្លួនចេញពីរដ្ឋធានីដែលរងគ្រោះដោយទុរ្ភិក្សរបស់រដ្ឋ North Darfur មួយនេះ។

កាលពីថ្ងៃទី២៩ ខែតុលា ស្នងការរងផ្នែកជំនួយមនុស្សធម៌របស់ស៊ូដង់ លោកស្រី Mona Nour Al-Daem បាននិយាយថា មនុស្សប្រហែល ២.០០០នាក់ ត្រូវបានសម្លាប់នៅទីក្រុង El-Fasher ចាប់តាំងពីកងកម្លាំង RSF ចូលទៅកាន់ទីក្រុងនេះ។ ការដណ្ដើកាន់កាប់នេះ បន្ទាប់ពីមានការឡោមព័ទ្ធអស់រយៈពេលមួយឆ្នាំ គឺជាការរុលទៅមុខដ៏ធំមួយ សម្រាប់ក្រុមនេះ នៅក្នុងសង្គ្រាមស៊ីវិលដែលបានផ្ទុះឡើងចាប់តាំងពីខែមេសា ឆ្នាំ២០២៣។
នៅថ្ងៃទី២៩ ខែតុលា ប្រមុខ RSF លោក Mohamed Hamdan Dagalo បានលើកឡើងនៅក្នុងសុន្ទរកថាមួយថា លោកនឹងបង្កើតគណៈកម្មាធិការស៊ើបអង្កេតមួយ ដើម្បីស្វែករកឲ្យឃើញនូវអ្វីដែលបានកើតឡើង។
តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស លោកស្រី Kaja Kallas និងស្នងការគ្រប់គ្រងវិបត្តិ លោកស្រី Hadja Lahbib បានជំរុញឲ្យភាគីទាំងអស់ បន្ធូរបន្ថយជាបន្ទាន់នូវអំពើហិង្សា នៅទីក្រុង El-Fasher ដែលឥស្សរជនទាំង២ បាននិយាយថា «ជាចំណុចរបត់ដ៏គ្រោះថ្នាក់ នៅក្នុងសង្គ្រាមនេះ និងគំរាមកំហែងធ្វើឲ្យស្ថានការណ៍មនុស្សធម៌ធ្ងន់ធ្ងររួចហើយកាន់តែអាក្រក់ទៅៗ»។
គួរបញ្ជាក់ថា បើយោងតាមការប៉ាន់ស្មានរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៤ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៥០.០០០នាក់ បានបាត់បង់ជីវិត ក្នុងសង្គ្រាម នៅប្រទេសស៊ូដង់នេះ តែចំនួននោះ ត្រូវបានគេរំពឹងថា នឹងខ្ពស់ជាងនេះ៕


