ឧត្តមនាវីឯកជាន់ខ្ពស់របស់ប្រទេសប៉ាគីស្ថាន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនថា កងទ័ពជើងទឹកប៉ាគីស្ថាន រំពឹងថា នាវាមុជទឹកដំបូងដែលសាងសង់ដោយចិនរបស់ខ្លួន នឹងត្រូវបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៦ ដោយនេះជាការជំរុញដល់ការកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ដើម្បីទប់ទល់នឹងគូប្រជែងក្នុងតំបន់ គឺឥណ្ឌា និងគម្រោងថាមពលឆ្ពោះទៅតំបន់មជ្ឈិមបូព៌ា។
នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (ទី២ ខែវិច្ឆិកា) លោកឧត្តមនាវីឯក Naveed Ashraf បានប្រាប់សារព័ត៌មាន Global Times ថា កិច្ចព្រមព្រៀងដែលទីក្រុងអ៊ីស្លាម៉ាបាដ នឹងទទួលបាននាវាមុជទឹកកម្រិត Hangor ចំនួន ៨គ្រឿង នៅឆ្នាំ២០២៨ គឺជា «ដំណើរការដ៏រលូន» ដោយបានបន្ថែមថា នាវាមុជទឹកនេះនឹងជំរុញដល់សមត្ថភាពរបស់ប៉ាគីស្ថាន ដើម្បីល្បាតសមុទ្រអារ៉ាប់ខាងជើង និងមហាសមុទ្រឥណ្ឌា។

គួរបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាព លើកិច្ចព្រមព្រៀងនាវាមុជទឹករបស់ចិននេះ ធ្វើឡើងបន្ទាប់ពីកងទ័ពអាកាសប៉ាគីស្ថាន កាលពីខែឧសភា បានប្រើប្រាស់យន្តហោះចម្បាំង J-10 ដែលផលិតដោយចិន ដើម្បីបាញ់ទម្លាក់យន្តហោះ Rafale របស់កងទ័ពអាកាសឥណ្ឌាដែលផលិតដោយប្រទេសបារាំង។
ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនាវាមុជទឹក ពោលគឺដែលត្រូវបានរាយការណ៍ថា មានតម្លៃរហូតដល់ ៥ពាន់លានដុល្លារអាមេរិកនោះ នាវាមុជទឹកវាយប្រហារដើរដោយអគ្គិសនី និងប្រេងម៉ាស៊ូតចំនួន ៤គ្រឿងដំបូង នឹងត្រូវសាងសង់នៅក្នុងប្រទេសចិន ដោយនាវានៅសល់ផ្សេងទៀតនឹងត្រូវបានប្រមូលផ្តុំនៅប៉ាគីស្ថាន ដើម្បីធ្វើឲ្យសមត្ថភាពបច្ចេកទេសរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះកាន់តែប្រសើរឡើង៕

