ហ្វីលីពីន និងកាណាដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ដើម្បីពង្រីកសមយុទ្ធយោធារួមគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ នៅក្នុងចំណាត់ការមួយដែលត្រូវបានគេមើលឃើញធំទូលាយថា ជាការឆ្លើយតបចំពោះការវាទទីកើនឡើងរបស់ចិននៅក្នុងតំបន់ ជាពិសេសនៅសមុទ្រចិនខាងត្បូងជម្លោះ ។
រដ្ឋមន្រ្តីការពារជាតិហ្វីលីពីនលោក Gilberto Teodoro Jr និងរដ្ឋមន្រ្តីការពារជាតិកាណាដា លោក David McGuinty បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិនេះ កាលពីថ្ងៃអាទិត្យ ក្រោយជំនួបបិទទ្វារនៅទីក្រុងម៉ានីល ។

លោក McGuinty និយាយថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងសមយុទ្ធយោធារួមគ្នា ចែករំលែកព័ត៌មាន និងការសម្របសម្រួល អំឡុងពេលជួបវិបត្តិមនុស្សធម៌ និងគ្រោះមហន្តរាយធម្មជាតិ ។
ដោយឡែក លោក Teodoro បាចាត់ទុកកិច្ចព្រមព្រៀងនេះថាចាំបាច់ សម្រាប់រក្សាអ្វីដែលលោកយល់ឃើញថាជា សណ្តាប់ធ្លាប់អន្តរជាតិផ្អែកលើច្បាប់ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាទីដែលលោកចោទប្រកាន់ចិនថា កំពុងវាទទីនិយម ។
កិច្ចព្រមព្រៀងនេះដែរ នឹងផ្តល់ជាក្របខណ្ឌស្របច្បាប់សម្រាប់ឲ្យទាហានកាណាដា ចូលរួមសមយុទ្ធយោធានៅហ្វីលីពីន ។ វានឹងឆ្លុះបញ្ចាំងកិច្ចព្រមព្រៀងស្រដៀងគ្នាដែលទីក្រុងម៉ានីល បានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិក អូស្រ្តាលី ជប៉ុន និងនូវែលសេឡង់ ៕
