មេដឹកនាំដែលរងការរិះគន់យ៉ាងខ្លាំង នៅតំបន់ Valencia របស់អេស្ប៉ាញ នាថ្ងៃចន្ទ (ទី៣ ខែវិច្ឆិកា) នេះ បាននិយាយថា រូបលោកកំពុងចុះចេញពីតំណែង ដោយការសម្រេចចិត្តនេះ កើតមានឡើងក្រោយមួយឆ្នាំបន្ទាប់ពីតំបន់នោះរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលមួយជំនាន់។
លោក Carlos Mazon បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «ការពិត គឺថា ពេលនេះ ខ្ញុំកំពុងប្រឈមជាមួយនឹងការរិះគន់ សំឡេងខឹងសម្បា ការស្អប់ខ្ពើម និងសម្ពាធ។ ខ្ញុំមិនអាចបន្តការកាន់តួនាទីទៀតទេ»។

លោក Mazon បានប្រឈមនឹងការត្រួតពិនិត្យយ៉ាងខ្លាំងក្លា ជុំវិញការដោះស្រាយរបស់លោក ចំពោះគ្រោះមហន្តរាយ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដែលបានបណ្ដាលឲ្យមនុស្សជាង ២៣០នាក់បាត់បង់ជីវិត ដោយបានបដិសេធជាប់មករហូតមិនព្រមតាមការអំពាវនាវឲ្យលាលែងពីតំណែង។
គួរដឹងថា កាលពីសប្តាហ៍មុន សាច់ញាតិរបស់ជនរងគ្រោះ បានស្រែកពាក្យ «ឃាតករ» «កំសាក» និង «ចុះចេញ» ដាក់លោក Mazon នៅពេលដែលលោកបានធ្វើដំណើរទៅដល់ ដើម្បីចូលរួមពិធីបុណ្យគោរពវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះ ក្នុងទីក្រុង Valencia៕

