ចុងសប្តាហ៍វិស្សមកាលថ្ងៃបុណ្យឈប់សម្រាក បានប្រែក្លាយជារឿងសោកនាដកម្មនៅតំបន់ភាគពាយ័ព្យម៉ិកស៊ិក កាលពីថ្ងៃសៅរ៍ ពេលដែលអណ្តាតភ្លើងហ៊ុមព័ទ្ធហាងលក់បញ្ចុះតម្លៃមួយកន្លែងនៅមជ្ឈមណ្ឌលទីក្រុង Hermosilloដោយបានសម្លាប់មនុស្សយ៉ាងហោច ២៣នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ។
លោក Gustavo Salas គឺជាអគ្គរដ្ឋអាជ្ញារដ្ឋ និយាយថា ភាគច្រើននៃមនុស្សស្លាប់ ទំនងជាបណ្តាលមកពីស្រូបឧស្ម័នពុល ដោយលោកលើកឡើងប្រភពពីសេវាកម្មវេជ្ជសាស្ត្រកោសល្យវិច្ច័យ ។
លោក Salas ថា ពួកយើងពុំមានសញ្ញាណាមួយដែលនាំឲ្យពួកយើងសន្មត់ថា អគ្គីភ័យកើតឡើងដោយចេតនានោះទេ ។

មូលហេតុបណ្តាលឲ្យកើតអគ្គិភ័យដែលបច្ចុប្បន្នត្រូវបានពន្លត់អស់ នៅពុំទាន់ច្បាស់លាស់នោះទេ បើទោះបីជាសារព័ត៌មានមួយចំនួន ដាក់ការស្តីបន្ទោសលើទុស្សេខ្សែភ្លើងក៏ដោយ ។
ក្រុមមន្រ្តីទីក្រុង Hermosilloនិយាយថា ហាងលក់បញ្ចុះតម្លៃនេះ ពុំបានក្លាយជាគោលដៅនៃការវាយប្រហារនោះទេ ។
ខណៈពេលនោះដែរ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា លោកស្រីសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ និងសាច់ញាតិអ្នកដែលបានស្លាប់ក្នុងអគ្គីភ័យ ៕
