លោកស្រីប្រធានាធិបតីតង់ហ្សានី Samia Suluhu Hassan នៅថ្ងៃចន្ទ (ទី៣ ខែវិច្ឆិកា) នេះ បានធ្វើសច្ចាប្រណិធានចូលកាន់តំណែង សម្រាប់អាណត្តិជាប់ឆ្នោតលើកដំបូងរបស់លោកស្រី បន្ទាប់ពីទទួលបានជ័យជម្នះជាមួយនឹងសំឡេងយ៉ាងលើសលប់ ក្នុងការបោះឆ្នោតដែលបានបង្កឲ្យមានការតវ៉ាបណ្ដាលឲ្យមនុស្សសា្លប់ នៅទូទាំងប្រទេស។
លោកស្រី Hassan ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ២០២១ បន្ទាប់ពីអ្នកកាន់តំណែងមុនបានទទួលមរណភាពក្នុងតំណែង ត្រូវបានប្រកាសថា ជាអ្នកឈ្នះការបោះឆ្នោតកាលពីសប្តាហ៍មុន ដោយទទួលបានសំឡេងឆ្នោត ៩៧,៦៦ភាគរយ។

លោកស្រី Hassan វ័យ ៦៥ឆ្នាំ បានឈរឈ្មោះប្រកួតប្រជែងជាមួយតែបេក្ខជនមកពីគណបក្សតូចៗប៉ុណ្ណោះ បន្ទាប់ពីគូប្រជែងដ៏សំខាន់របស់លោកស្រី ទៅពីគណបក្សប្រឆាំងដ៏ធំបំផុតចំនួន ២ ត្រូវបានដកសិទ្ធិមិនឲ្យចូលរួម។
បើយោងតាមសាក្សី បានឲ្យដឹងថា ការតវ៉ាដោយហិង្សា បានផ្ទុះឡើងក្នុងអំឡុងពេលបោះឆ្នោតកាលពីថ្ងៃពុធសប្តាហ៍មុន ដោយក្រុមបាតុករមួយចំនួន បានដុតបំផ្លាញអគាររដ្ឋាភិបាល ហើយនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់កាំភ្លើង។
គណបក្សប្រឆាំងដ៏សំខាន់ បានឲ្យដឹងថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ា ខណៈដែលការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានប្រាប់ថា របាយការណ៍ដែលអាចជឿទុកចិត្ត បានបង្ហាញថា មនុស្សយ៉ាងហោចណាស់ ១០នាក់ បានបាត់បង់ជីវិត នៅក្នុងទីក្រុងចំនួន ៣៕

