នៅថ្ងៃចន្ទនេះ ស្រទាប់ផ្សែងអ័ព្ទយ៉ាងក្រាស់បន្តគ្របដណ្តប់ទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា ធ្វើឲ្យអាក់ខានដល់ផែនការធ្វើដំណើររបស់ភ្ញៀវទេសចរ ដើរកម្សាន្តលេងនៅក្នុងទីក្រុងមួយនេះ ។
ទីភ្នាក់ងារព្យាករឧតុនិយមឥណ្ឌា អះអាងថា សន្ទស្សន៍កង្វក់បរិយាកាសនៅក្នុងរដ្ឋធានីដែល្លី មានកម្រិតចំនួន ៣០៤ ធ្វើឲ្យទីក្រុងមួយនេះ ស្ថិតនៅក្នុងចំណោមទីក្រុងធំៗមានកង្វក់បរិយាកាសខ្លាំងបំផុត របស់ពិភពលោក ។

ភ្ញៀវទេសចរមួយរូបនិយាយថា វាពិតជាអាក្រក់ខ្លាំងណាស់ ។ លោកធ្វើដំណើរតាមរថយន្តក្រុងមកពីទីក្រុង Agra ហើយពេលមកដល់កាន់តែជិតទីក្រុងដែល្លី ផ្សែងអ័ព្ទកាន់តែក្រាស់ អ្នកនិយាយលែងចេញតែម្តង ។
រាល់រដូវរងា ខ្យល់ត្រជាក់ធ្ងន់ទាក់ជាប់ធូលីសំណង់ ការបំភាយឧស្ម័នរថយន្ត និងផ្សែងបង្កឡើងពីការដុតកាកសំណល់កសិកម្មនៅទូទាំងទីក្រុងញូវដែល្លី និងស្រុកជុំវិញ ធ្វើឲ្យមនុស្សភាគច្រើននៅក្នុងចំណោមនុស្សរាប់លាននាក់នៅក្នុងទីក្រុងមួយនេះ មានបញ្ហាផ្លូវដង្ហើម ។
កាលពីមុន ក្រុមអាជ្ញាធរ ធ្លាប់បានបិទទ្វារសាលារៀន ផ្អាកការងារសំណង់ និងរឹតត្បិតរថយន្តឯកជន ដើម្បីទប់ស្កាត់កង្វក់បរិយាកាស អំឡុងខែរដូវរងា ៕
