ប្រទេសទួរគី នាថ្ងៃចន្ទ (ទី៣ ខែវិច្ឆិកា) នេះ ធ្វើជាម្ចាស់ផ្ទះទទួលក្រុមអ្នកការទូតជាន់ខ្ពស់ជាបន្តបន្ទាប់មកពីពិភពមូស្លីម ដើម្បីប្រើប្រាស់ឥទ្ធិពលរបស់ប្រទេសទាំងនេះដោះស្រាយអនាគតនៃតំបន់ហ្កាហ្សា ខណៈដែលក្ដីបារម្ភមានកាន់តែខ្លាំង ចំពោះបទឈប់បាញ់ដែលកាន់តែផុយស្រួយ។
គួរបញ្ជាក់ថា បទឈប់បាញ់ដែលចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា សម្រាប់សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស រយៈពេល ២ឆ្នាំដែលត្រូវបានសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានប្រឈមនឹងឧបសគ្គធ្ងន់ធ្ងរ ដោយសារការបន្តការវាយប្រហាររបស់អ៊ីស្រាអែល និងការអះអាងពីការវាយប្រហាររបស់ប៉ាឡេស្ទីនលើទាហានអ៊ីស្រាអែល។
ជាកិច្ចប៉ុនប៉ងជំរុញដល់កិច្ចប្រឹងប្រែងកសាងឡើងវិញ រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានអញ្ជើញសមភាគីរបស់លោក ពីអារ៉ាប៊ីសាអ៊ូឌីត កាតា អារ៉ាប់រួម ហ្ស៊កដានី ប៉ាគីស្ថាន និងឥណ្ឌូនេស៊ី ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបើកកិច្ចពិភាក្សាដែលនឹងចាប់ផ្តើមនៅម៉ោង ២:០០រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១១:០០ ម៉ោងសកល)។
អ្នកការទូតទាំងអស់នោះត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំជាមួយលោក Trump កាលពីចុងខែកញ្ញា អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ ពោលគឺប៉ុន្មានថ្ងៃមុនពេលដែលមេដឹកនាំអាមេរិកបានបង្ហាញពីផែនការរបស់លោក ក្នុងការបញ្ចប់ការប្រយុទ្ធគ្នា នៅក្នុងតំបន់ហ្កាហ្សា។
ប្រភពពីក្រសួងការបរទេសទួរគី បានឲ្យដឹងថា ទីក្រុងអង់ការ៉ានឹងជំរុញឥស្សរជនទាំងនោះគាំទ្រផែនការ ដើម្បីឲ្យប៉ាឡេស្ទីនគ្រប់គ្រងសន្តិសុខ និងអភិបាលកិច្ចនៃដែនដីឆ្នេរមួយនេះ៕