មនុស្សយ៉ាងហោច ៩នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ក្រោយរថយន្តដឹកដី បើកបុករថយន្តជាច្រើនគ្រឿងទៀត នៅទីក្រុង Jaipur ស្ថិតក្នុងរដ្ឋភាគពាយ័ព្យ Rajasthan ប្រទេសឥណ្ឌានាថ្ងៃចន្ទនេះ ។
សាក្សីនៅកន្លែងកើតហេតុ និយាយថា រថយន្តដឹកដីបើកបរក្នុងល្បឿនលឿន បានបុករថយន្តជាច្រើនគ្រឿង ហើយចុងក្រោយអូសរថយន្តតូចមួយគ្រឿង និងរថយន្តដណ្តោងមួយគ្រឿង មុនពេលបុករនាំងពុះចែកផ្លូវ ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា រថយន្តដឹកដីបាត់បង់ម្ចាស់ការលើខ្លួនឯង នៅផ្លូវ Lohamandi ហើយនិងបណ្តាលឲ្យមនុស្ស ៥០នាក់ រងរបួស ។
មុននេះក្នុងថ្ងៃចន្ទនេះដែរ មនុស្សយ៉ាងហោច ១៩នាក់ រួមទាំងទារកអាយុ ៣ខែម្នាក់ដែរនោះ ត្រូវបានសម្លាប់នៅរដ្ឋ Telangana ពេលដែលរថយន្តដឹកដី បើកបុករថយន្តក្រុងដឹកអ្នកដំណើរ ។
បើទោះបីជាឥណ្ឌា គឺជាទីផ្សាររថយន្តធំបំផុតទី ៣នៅលើពិភពលោកយ៉ាងណាក៏ដោយ ប្រទេសមួយនេះ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សច្រើនបំផុត ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្សប្រហែល ១៨ម៉ឺននាក់ កាលពីឆ្នាំមុន ៕