រដ្ឋមន្ត្រីសន្តិសុខជាតិបាននិយាយនៅថ្ងៃចន្ទ (ទី៣ ខែវិច្ឆិកា) នេះថា នគរបាលអ៊ីស្រាអែលបានចាប់ខ្លួនអតីតរដ្ឋអាជ្ញាយោធា លោកស្រី Yifat Tomer-Yerushalmi បន្ទាប់ពីមានរឿងអាស្រូវផ្ទុះឡើង ក្រោយលោកស្រីបានធ្វើឲ្យបែកធ្លាយនូវវីដេអូ ដែលបង្ហាញឲ្យឃើញទាហានរំលោភបំពានអ្នកជាប់ឃុំប៉ាឡេស្ទីនម្នាក់។
លោកស្រី Tomer-Yerushalmi បានបាត់ខ្លួនអស់ជាច្រើនម៉ោង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកស្រីបានប្រកាសលាលែងពីដំណែង ដោយមានការរំពឹងទុកនៅក្នុងបណ្ដាញសារព័ត៌មាន អំពីលទ្ធភាពប៉ុនប៉ងធ្វើអត្តឃាត។
យោងតាមច្បាប់ចម្លងនៃលិខិតលាលែងពីតំណែងរបស់លោកស្រី ដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក លោកស្រី Tomer-Yerushalmi បានទទួលស្គាល់ថា ការិយាល័យរបស់លោកបានចេញវីដេអូនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ កាលពីឆ្នាំមុន។
គួរបញ្ជាក់ថា ទាហានបម្រុងចំនួន ៥នាក់ហើយ ត្រូវបានចោទប្រកាន់ជាផ្លូវការ ចាប់តាំងពីវីដេអូនេះ ត្រូវបានធ្វើឲ្យបែកធ្លាយ ក្នុងឆ្នាំ២០២៤។ រដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben Gvir នៅថ្ងៃចន្ទ បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «វាត្រូវបានយល់ព្រមថា ដោយសារមានព្រឹត្តិការណ៍កាលពីយប់មិញ ទីភ្នាក់ងារពន្ធនាគារ នឹងធ្វើសកម្មភាពដោយប្រុងប្រយ័ត្នបន្ថែម ដើម្បីធានាសុវត្ថិភាពដល់អ្នកជាប់ឃុំ នៅក្នុងមន្ទីរឃុំឃាំង ដែលលោកស្រីត្រូវបានឃុំខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក Ben Gvir បានសង្កត់ធ្ងន់លើ «សារៈសំខាន់នៃការស៊ើបអង្កេតប្រកបដោយវិជ្ជាជីវៈ ក្នុងគោលបំនងបង្ហាញនូវការពិតទាំងស្រុង ទាក់ទងនឹងករណីដែលនាំឲ្យមានចោទប្រកាន់ក្លែងក្លាយលើទាហាន IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល)។ តែយ៉ាងណាក្ដី សេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់ថា តើលោកស្រីត្រូវប្រឈមនឹងបទចោទអ្វីឡើយ៕