ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto នៅថ្ងៃចន្ទ (ទី៣ ខែវិច្ឆិកា) នេះ បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីអាចទិញយន្តហោះដឹកជញ្ជូនយោធា A400M របស់ក្រុមហ៊ុន Airbus ចំនួន ៤គ្រឿងបន្ថែមទៀត ខណៈដែលលោកប្រឹងប្រែងធ្វើឲ្យប្រសើរឡើងនូវឃ្លាំងគ្រឿងយុទ្ធោបករន៍ដ៏មានចំណាស់របស់ប្រទេសលោក។
លោក Prabowo កំពុងនិយាយទៅកាន់អ្នកសារព័ត៌មាននៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងហ្សាការតា ជាកន្លែងដែលយន្តហោះ A400M ដំបូងគេ ក្នុងចំណោម ២គ្រឿងដែលក្រសួងការពារជាតិឥណ្ឌូនេស៊ី បានទិញរួចហើយ បានទៅដល់ហើយ។
ដោយមិនបានផ្តល់ពេលវេលាច្បាស់លាស់ លោកប្រធានាធិបតី បានប្រាប់ថា៖ «យើងអាចចរចា ដើម្បីចុះហត្ថលេខា (កិច្ចព្រមព្រៀង) ដើម្បីទិញ ៤គ្រឿងបន្ថែមទៀត»។
គួរដឹងថា នៅក្រោមកិច្ចសន្យាឆ្នាំ២០២១ ប្រទេសឥណ្ឌូនេស៊ី នឹងទទួលបានយន្តហោះដឹកជញ្ជូនច្រើនតួនាទី A400M ទី២ របស់ខ្លួននៅឆ្នាំក្រោយ។
លោក Prabowo បាននិយាយថា ខណៈពេលដែលយន្តហោះ A400M ភាគច្រើន នឹងត្រូវបានប្រើ ដើម្បីជម្លៀសជនរងគ្រោះដែលរងរបួសដោយសារគ្រោះមហន្តរាយ វាក៏អាចចូលរួមក្នុងបេសកកម្មមនុស្សធម៌នៅក្រៅប្រទេសផងដែរ ដោយលើកឧទាហរណ៍ អំពីតំបន់ហ្កាហ្សាស្ទ្រីប។
យោងតាមក្រុមហ៊ុន Airbus បានឲ្យដឹងថា យន្តហោះ A400M ដែលបញ្ជូនទៅកាន់ឥណ្ឌូនេស៊ី អាចផ្ទុកទម្ងន់អតិបរមាបាន ៣៧តោន ដែលរួមមានឧទ្ធម្ភាគចក្រ រថយន្ត និងសម្ភារៈសង្គ្រោះ។ សម្រាប់បេសកកម្មជាមធ្យមដែលមានទម្ងន់ ៣០តោន យន្តហោះ A400M អាចហោះហើរបានចម្ងាយ ២.៤០០ម៉ាយល៍ណត់ (ប្រមាណជាជិត ៤.៥០០គីឡូម៉ែត្រ) ដោយគ្របដណ្តប់លើប្រជុំកោះទាំងមូលពីរដ្ឋធានីហ្សាការតា៕