ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៅកាន់ពិភពលោកថា សង្គ្រាមមិនអាចបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពនោះទេ ។
សម្ដេចតេជោ ហ៊ុន សែន ពេលអញ្ជើញថ្លែងសន្ទររកថា បើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ ក្រោមមូលបទ "ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ" ដែលមានការចូលរួមពីសំណាក់មេដឹកនាំ និងអតីតអ្នកដឹកនាំ ដែលជាវាគ្មិន មកពីជាង១០០ប្រទេស នៅលើពិភពលោកនោះ បានចែករំលែកបទ ពិសោធន៍របស់សម្តេច ដែលបានឆ្លងកាត់ជាងពាក់កណ្ដាលជីវិតមកហើយ គឺការចរចារស្វែងរកការបញ្ចប់ សង្គ្រាមស៊ីវិល តាមរយៈនយោបាយឈ្នះ-ឈ្នះ ដោយសម្ដេចបានបញ្ជាក់ថា សន្តិភាព គឺមិនអាចយក សង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមបានទេ។
សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញមោទកភាព និងសេចក្តីរីករាយ ដែល សម្តេចមានកិត្តិយសធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ស្ដីពី សន្តិភាពនៅឧបទ្វីបកូរ៉េ និងអរគុណដោយស្មោះចំពោះសហព័ន្ធសន្តិភាពសកល សម្រាប់ការផ្ដល់បដិសណ្ឋារកិច្ចដ៏កក់ ក្តៅចំពោះសម្ដេច និងគណៈប្រតិភូ។
កិច្ចប្រជុំកំពូលពិភពលោកនេះ ពិតជាតំណាងឲ្យកិច្ចខិតខំប្រឹងប្រែង រួមគ្នា ក្នុងការស្វែងរកបុព្វហេតុដ៏មានតម្លៃ ដែលនោះ គឺជាបុព្វហេតុ នៃសន្តិភាព៕អត្ថបទ៖ មុត សុទ្ធ




