សារព័ត៌មានអ៊ីតាលីរាយការណ៍ថា ប៉មអគារមជ្ឈិមសម័យនៅកណ្តាលរដ្ឋធានីរ៉ូម ប្រទេសអ៊ីតាលី ស្ថិតនៅជិតសំណង់អគារចាស់ដ៏ល្បីល្បាញ Roman Forum បានបាក់ដោយផ្អែកនៅថ្ងៃចន្ទនេះ អំឡុងការងារជួសជុលអគារឡើងវិញ បណ្តាលឲ្យកម្មករម្នាក់ រងរបួសធ្ងន់ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរក្រុងរ៉ូម បានឲ្យដឹងថា អគារកម្ពស់ ២៩ម៉ែត្រ ពុំបានប្រើប្រាស់នោះទេ ចាប់តាំងពីឆ្នាំ ២០០៦រហូតមក ប៉ុន្តែស្ថិតនៅក្នុងគម្រោងជួសជុលរយៈពេល ៤ឆ្នាំ ដែលគញរោងនឹងបញ្ចប់នៅឆ្នាំក្រោយ ។
ក្រុមភ្ញៀវទេសចររាប់រយនាក់ នាំគ្នាឈរមើលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យប្រើប្រាស់ជណ្តើរចល័ត និងស្នែងទៅជាន់លើអគារ Torre dei Conti ។
កាសែត Corriere della Sera រាយការណ៍ថា កម្មករ ៣នាក់ ត្រូវបានជួយសង្រ្គោះ ខណៈកម្មករម្នាក់ជាប់ខ្លួនក្នុងអគារ ។
អំឡុងប្រតិបត្តិការជួយសង្រ្គោះ ដោយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ផ្នែកមួយទៀតនៃប៉មអគារ បានបាក់ ធ្វើឲ្យមានសំណុំកម្ទេចកម្ទីច្រើន ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៅលើជណ្តើរចល័ត បានរួសរាន់ចុះក្រោម ពេលដែលការបាក់អគារបន្ថែមទៀត បានកើតឡើង ។
ប៉មអគារ Torre dei Conti ត្រូវបានសាងសង់ឡើងនៅសតវត្សរ៍ទី ១៣ ដោយសម្តេចប៉ាប Innocent III ធ្វើជានិវេសនដ្ឋានសម្រាប់គ្រួសាររបស់ទ្រង់ ។
សារព័ត៌មានអ៊ីតាលី រាយការណ៍ថា ទាំងអភិបាលក្រុងរ៉ូមលោក Roberto Gualtieri និងរដ្ឋមន្រ្តីក្រសួងវប្បធម៌អ៊ីតាលីលោក Alessandro Giuli បាននៅកន្លែងកើតហេតុ ៕