មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei លើកឡើងថា កិច្ចសហប្រតិបត្តិការ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនអាចកើតមានឡើងឡើយ ដរាបណាទីក្រុងវ៉ាស៊ីនតោន នៅតែបន្តគាំទ្រអ៊ីស្រាអែល ហើយរក្សាមូលដ្ឋានទ័ព និងការជ្រៀតជ្រែក នៅក្នុងតំបន់មជ្ឈិមបូព៌ា។
ការអត្ថាធិប្បាយបែបនេះរបស់លោក Khamenei កើតមានឡើងស្របពេលដែលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក Donald Trump ព្យាយាមបង្កើនសម្ពាធលើអ៊ីរ៉ង់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Khamenei លើកឡើងថា៖ «ពេលខ្លះ ជនជាតិអាមេរិក និយាយថា ពួកគេ ចង់សហការជាមួយអ៊ីរ៉ង់។ កិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ មិនអាចទៅរួចនោះឡើយ ដរាបណាសហរដ្ឋអាមេរិក នៅតែបន្តជ្រោមជ្រែងរបបគាំទ្រលទ្ធិហ្សាអឺន (អ៊ីស្រាអែល) ដ៏អាក្រក់ រក្សាមូលដ្ឋានយោធា និងការជ្រៀតជ្រែក ក្នុងតំបន់»។
គួរបញ្ជាក់ថា លោក Trump បាននិយាយកាលពីខែមុនថា សហរដ្ឋអាមេរិកត្រៀមធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នៅពេលណាដែលទីក្រុងតេអេរ៉ង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើដូច្នេះ ដោយបញ្ជាក់ថា «ដៃនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ (ជាមួយអ៊ីរ៉ង់) គឺបើកចំហជានិច្ច»៕