សំឡេងស៊ីរ៉ែនត្រូវបានឮពាសពេញអារ៉ាប៊ីសាអ៊ូឌីត នាថ្ងៃចន្ទ (ទី៣ ខែវិច្ឆិកា) នេះ ដោយនេះជាផ្នែកមួយនៃការធ្វើតេស្តទូទាំងប្រទេសរបស់អគ្គនាយកដ្ឋានការពារជនស៊ីវិលរបស់ព្រះរាជាណាចក្រមួយនេះ ដើម្បីបង្កើនការត្រៀមខ្លួនជាសាធារណៈ សម្រាប់គ្រាអាសន្ន។
ការជូនដំណឹងនេះ ត្រូវបានបន្លឺឡើងនៅក្នុងទីក្រុង Riyadh, Diriyah, al-Kharj និង al-Dilam ក៏ដូចជានៅតំបន់ Tabuk និង Makkah រួមទាំងទីក្រុង Jeddah និង Thuwal ផងដែរ។
ការធ្វើតេស្តនេះធ្វើឡើងស្របពេលជាមួយនឹងការដាក់ឲ្យដំណើរការនូវប្រព័ន្ធប្រកាសអាសន្នជាតិ នៅទូទាំងតំបន់ទាំងអស់នៃព្រះរាជាណាចក្រមួយនេះ ក្នុងគោលបំណងធានានូវប្រសិទ្ធភាព និងការត្រៀមខ្លួននៃប្រព័ន្ធព្រមាន ដើម្បីផ្សព្វផ្សាយការជូនដំណឹងដែលអាចល្មមស្តាប់បាន ក្នុងអំឡុងពេលមានអាសន្ន។
យោងតាមក្រសួងការពារជាតិ បានឲ្យដឹងថា ការហាត់សមនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងធានាការត្រៀមខ្លួនឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះការប្រកាសអាសន្នជាផ្លូវការ។
ហើយអាជ្ញាធរបញ្ជាក់ថា ការធ្វើតេស្តនេះ គឺជាការប្រុងប្រយ័ត្នសុទ្ធសាធ ហើយប្រជាពលរដ្ឋមិនត្រូវមានការភ្ញាក់ផ្អើល ដោយសំឡេងស៊ីរ៉ែន ឬសារប្រកាសអាសន្ននោះឡើយ៕