អាជីវករលក់ដូរតាមដងផ្លូវ និងជនប៉ាឡេស្ទីនជម្លៀសខ្លួននៅផ្សារក្នុងទីក្រុង Khan Yunis តំបន់ហ្កាហ្សានិយាយនៅថ្ងៃចន្ទនេះថា ពួកគេពិបាកស្វែងរកណាស់តម្រូវការចាំបាច់ជាមូលដ្ឋានអំឡុងរដូវរងា ហើយពួកគេមានការព្រួយបារម្ភថា ភ្លៀងធ្លាក់អំឡុងរដូវរងា និងបំផ្លិចបំផ្លាញជម្រកសំពត់តង់របស់ពួកគេ ជាក់ជាពុំខាននោះទេ។
លោក Hani Qanen គឺជាអាជីវករលក់ដូរតាមដងផ្លូវមួយរូបនិយាយថា ស្ថានភាពសេដ្ឋកិច្ចពិបាកណាស់ទៅហើយ ហើយជីវិតរស់នៅក្នុងសង្គមកាន់តែសោកនាដកម្មមួយកម្រិតទៀត ដោយសារការបិទច្រក និងការចំណាយខ្ពស់ក្នុងជីវភាពរស់នៅ ។
កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមហាម៉ាស បានប្រគល់សាកសពចំណាប់ថ្នូរ ៣នាក់ទៀត បើទោះបីជាក្រុមជីវពលប៉ាឡេស្ទីនមួយនេះ ដាក់ការស្តីបន្ទោសអ៊ីស្រាអែលថា បានបំពានបទឈប់បាញ់ដែលបានផ្អាកសង្រ្គាមរយៈពេល ២ឆ្នាំកន្លងមកនេះក៏ដោយ ។
បទឈប់បាញ់ បានធ្វើឲ្យការប្រយុទ្ធគ្នាភាគច្រើនស្ងប់ស្ងាត់ ធ្វើឲ្យជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ វិលត្រឡប់ទៅកាន់ផ្ទះបាក់បែករបស់ពួកគេវិញនៅតំបន់ហ្កាហ្សា ។
អ៊ីស្រាអែល បានដកទាហានរបស់ពួកគេចេញពីទីតាំងឈរជើងនៅតាមទីក្រុងនានា និងអនុញ្ញាតឲ្យជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា ។
ប៉ុន្តែអំពើហិង្សានៅពុំទាន់បានបញ្ចប់ទាំងស្រុងនោះទេ ។ ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស ២៣៦នាក់ នៅទូទាំងតំបន់ហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ពោលគឺជិតពាក់កណ្តាលនៃពួកគេ ត្រូវបានសម្លាប់ត្រឹមរយៈពេល ១ថ្ងៃប៉ុណ្ណោះ កាលពីសប្តាហ៍មុន ពេលដែលអ៊ីស្រាអែលសងសឹកការវាយប្រហារសម្លាប់ទាហានម្នាក់របស់ពួកគេ ៕