
ក្រុមអាជ្ញាធរនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាឲ្យផ្អាកសំណង់ជណ្តើរយន្តកញ្ចក់ចំណោតថ្មដែលត្រូវបានសាងសង់នៅតំបន់ឆ្នេរ Kelingking ដែលស្ថិតនៅក្នុងចំណោមគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផតមួយនៅលើកោះមួយនេះ បន្ទាប់ពីមានការរិះគន់ខ្លាំងចំពោះហានិភ័យបរិស្ថាន ក្តីកង្វល់សុវត្ថិភាព ហើយនិងរំលោភបទប្បញ្ញត្តិសំណង់ ។
តំបន់ឆ្នេរ Kelingking ដែលល្បីល្បាញសម្រាប់ចំណោតថ្មរាងជាសត្វដាយណូស័រដ៏អស្ចារ្យ និងទឹកពណ៌ខៀវស្រងាត់នោះ ស្ថិតក្នុងចំណោមតំបន់ទាក់ទាញធម្មជាតិដ៏ពេញនិយមបំផុតរបស់កោះបាលី ធ្វើភ្ញៀវទេសចរក្លាហាន ចុះតាមជណ្តើរចំណោតថ្ម ដើម្បីផ្តិតយករូបភាពដ៏ស្រស់ត្រកាលនៅទីនេះ ។
ការសាងសង់ជណ្តើរយន្តកញ្ចក់ចំណោតថ្មនេះ បានស្ថិតក្រោមការពិនិត្យពិច្ច័យយ៉ាងខ្លាំង សម្រាប់ការបំពានច្បាប់ផែនការលំហររបស់ឥណ្ឌូនេស៊ី និងគំរាមកំហែងផងដែរដល់បូរណភាពនៃទេសភាពធម្មជាតិជុំវិញទីនោះ ។
ការសម្រេចចិត្តផ្អាកការងារនេះ ត្រូវបានធ្វើឡើងដោយគណៈកម្មាធិការពិសេសស្តីពីផែនការលំហ អចលនទ្រព្យ និងការផ្តល់អាជ្ញាប័ណ្ណនៃសភាតំបន់បាលី ដែលរកឃើញថា ការអភិវឌ្ឍបានបំពានដល់បទប្បញ្ញត្តិជាតិលើការប្រើប្រាស់ដីធ្លី និងកំណត់តំបន់ឆ្នេរ ។
លោក I Made Supartha គឺជាប្រធានគណៈកម្មាធិការ និយាយនៅក្នុងសេចក្តីអត្ថាធិប្បាយចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថា សំណង់នេះស្ថិតនៅក្នុងតំបន់កាត់បន្ថយគ្រោះមហន្តរាយដែលបានកំណត់ ជាទីដែលសំណង់ធំៗ ត្រូវបានហាមឃាត់ ៕