ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា (CTB) ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ (World Travel Market 2025) ដែលជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំដ៏ធំមួយក្នុងតំបន់អឺរ៉ុប ចាប់ពីថ្ងៃ ទី៤ ដល់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។
យោងតាម សេចក្តីជូនដំណឹង របស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានបង្ហាញថា កម្មវិធីពិព័រណ៍ទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ នេះ រំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង ៥០ ០០០នាក់ ស្តង់ពិព័រណ៍ (Booths) ចំនួនជាង ៤ ០០០ ស្តង់មកពីជាង ១៨០ប្រទេសជុំវិញពិភពលោក។ ក្នុងអំឡុងពេលនៃការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ឯកឧត្តមរដ្ឋមន្ត្រី នឹងជួបពិភាក្សា ការងារជាមួយស្ថាប័នទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ធំៗ ក្នុងចក្រភពអង់គ្លេស ជាពិសេសទីផ្សារអឺរ៉ុប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាបន្ថែមទៀត។
បន្ទាប់ពីការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ឯកឧត្តមរដ្ឋមន្ត្រី នឹងដឹកនាំប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍ចូលរួមមហាសន្និបាតលើកទី២៦ របស់អង្គការទេសចរណ៍សហប្រជាតិ (260 UN Tourism General Assembly) ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ដែលជាកិច្ចប្រជុំដ៏ធំបំផុតរបស់ស្ថាប័នទេសចរណ៍ពិភពលោកមួយនេះ និងត្រូវបានរៀបចំឡើងនៅរៀងរាល់ ២ឆ្នាំម្ដង ដើម្បីប្រមូលផ្ដុំរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសជាសមាជិកជាង ១៦០ប្រទេស មកពិភាក្សា កំណត់ទិសដៅ និងអាទិភាពសម្រាប់ការអភិវឌ្ឍទេសចរណ៍សកល។
អំឡុងពេលនៃការចូលរួមមហាសន្និបាតនេះ ឯកឧត្តមរដ្ឋមន្រ្តី នឹងអញ្ជើញចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីជាមួយប្រទេសសមភាគី ព្រមទាំង ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀតផងដែរ៕


