អាជ្ញាធរសុខាភិបាលនៅក្នុងដែនដីគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា អ៊ីស្រាអែលបានប្រគល់សាកសពជនប៉ាឡេស្ទីនចំនួន៤៥ នាក់ទៅឲ្យតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ដែលនាំឲ្យចំនួនសរុបត្រូវបានប្រគល់ឲ្យក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់មានចំនួនដល់២៧០នាក់។

បន្ទាប់ពីការកំណត់អត្តសញ្ញាណដោយការធ្វើកោសល្យវិច្ច័យ អ៊ីស្រាអែលបានបញ្ជាក់កាលពីថ្ងៃចន្ទថា សាកសពដែលក្រុមហាម៉ាសប្រគល់ឲ្យនៅថ្ងៃមុននេះជាចំណាប់ថ្នូរបីនាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនអំឡុងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាការវាយប្រហារដែលបង្កឱ្យមានសង្រ្គាមផ្ទុះឡើង។
ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាសបាននិយាយថា ខ្លួនបានរកឃើញសាកសពកាលពីថ្ងៃអាទិត្យ «តាមផ្លូវរូងក្រោមដីមួយកន្លែងក្នុងចំណោមផ្លូវរូងក្រោមដីជាច្រើននៅតំបន់ហ្កាហ្សាស្ទ្រីប»។
អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសថាបានអូសបន្លាយពេលក្នុងការប្រគល់សាកសពមកវិញ ខណៈក្រុមប៉ាឡេស្ទីននិយាយថាដំណើរការមានភាពយឺតយ៉ាវ ដោយសារតែសាកសពជាច្រើនត្រូវបានកប់នៅក្រោមគំនរបាក់បែកក្នុងតំបន់ហ្កាហ្សា។
