ប្រធានាធិបតីគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងដាក់ការរឹតត្បិតលើមូលនិធិសហព័ន្ធសម្រាប់ទីក្រុងញូវយ៉ក ប្រសិនបើបេក្ខជនគណបក្សប្រជាធិបតេយ្យ លោក Zohran Mamdani ឈ្នះការបោះឆ្នោតអភិបាលក្រុង។

លោក Trump បាននិយាយនៅលើវេទិកាសង្គម Truth Social របស់លោកកាលពីថ្ងៃចន្ទថា «វាមិនទំនងទាល់តែសោះដែលថាខ្ញុំនឹងត្រូវផ្តល់មូលនិធិសហព័ន្ធតាមតម្រូវការ» ប្រសិនបើ លោក Mamdani ឈ្នះការប្រកួតប្រជែងក្នុងការបោះឆ្នោតអភិបាលក្រុង។
ការស្ទង់មតិបង្ហាញថា លោក Mamdani នាំមុខអតីតអភិបាលក្រុងញូវយ៉ក លោក Andrew Cuomo ដែលកំពុងឈរឈ្មោះជាអ្នកឯករាជ្យបន្ទាប់ពីចាញ់ លោក Mamdani ក្នុងការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យ និងស្ថាបនិកអង្គការ Guardian Angels លោក Curtis Sliwa ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ។
នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃចន្ទ បេក្ខជនអភិបាលក្រុងបានប្រជែងគ្នានៅទូទាំងសង្កាត់ចំនួនប្រាំរបស់ទីក្រុងញូវយ៉ក បន្ទាប់ពីរយៈពេលជាច្រើនខែនៃការឃោសនាតាមបណ្តាញផ្សព្វផ្សាយសង្គម និងការជជែកដេញដោលយ៉ាងខ្លាំងក្លា។
