ការិយាល័យរដ្ឋអាជ្ញានៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)កាលពីថ្ងៃចន្ទ បានព្រមានថា អំពើឃោរឃៅដែលបានប្រព្រឹត្តនៅក្នុងទីក្រុង El-Fasherនៃប្រទេសស៊ូដង់ អាចជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
បន្ទាប់ពីការឡោមព័ទ្ធ ការទម្លាក់គ្រាប់បែក និងការអត់ឃ្លានរយៈពេល ១ខែ កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) បានដណ្តើមគ្រប់គ្រងទីក្រុងនេះ កាលពីថ្ងៃទី ២៦ ខែតុលា ដោយបានកាន់កាប់បន្ទាយចុងក្រោយរបស់កងទ័ពនៅក្នុងតំបន់ Darfur ភាគខាងលិចនៃប្រទេសស៊ូដង់។

ការិយាល័យរដ្ឋអាជ្ញាICC បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងកង្វល់យ៉ាងជ្រាលជ្រៅចំពោះរបាយការណ៍ពីទីក្រុង El-Fasher អំពីការសម្លាប់រង្គាល ការរំលោភសេពសន្ថវៈ និងឧក្រិដ្ឋកម្មផ្សេងទៀត ដែលត្រូវបានគេប្រព្រឹត្ត។
ការិយាល័យនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អំពើឃោរឃៅទាំងនេះ គឺជាផ្នែកមួយនៃគំរូអំពើហិង្សាកាន់តែទូលំទូលាយដែលបានធ្វើឲ្យប៉ះពាល់ដល់តំបន់ Darfur ទាំងមូល ចាប់តាំងពីខែមេសា ឆ្នាំ២០២៣»៕
