រដ្ឋមន្ត្រីការបរទេសប៉េរូ លោក Hugo de Cela បានប្រកាសថា រដ្ឋាភិបាលនៃប្រទេសនេះ បានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ិកស៊ិក បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលោកស្រី Betsy Chavez ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំរដ្ឋប្រហារ កំពុងជ្រកកោន នៅក្នុងស្ថានទូតរបស់ខ្លួន នៅទីក្រុងលីម៉ា។

លោករដ្ឋមន្ត្រីការបរទេស បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«ថ្ងៃនេះ យើងបានដឹងដោយការភ្ញាក់ផ្អើល និងការសោកស្តាយយ៉ាងខ្លាំងថា អតីតនាយករដ្ឋមន្ត្រីលោកស្រី Betsy Chavez ដែលត្រូវបាន ចោទប្រកាន់ថា បានចូលរួមក្នុងរដ្ឋប្រហារ ដែលអតីតប្រធានាធិបតីលោក Pedro Castillo បានទទួលបានសិទ្ធិជ្រកកោន នៅគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតម៉ិកស៊ិកប្រចាំប្រទេសប៉េរូ។ ដោយសារតែទង្វើមិនរាក់ទាក់នេះ និងដោយសារការជ្រៀតជ្រែកម្តងហើយម្តងទៀតរបស់ប្រធានាធិបតីបច្ចុប្បន្ន និងអតីតប្រធានាធិបតីម៉ិកស៊ិកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ រដ្ឋាភិបាលប៉េរូ បានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសម៉ិកស៊ិក»។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា អាជ្ញាធរប៉េរូរំពឹងថា នឹងបន្តផ្តល់សេវាកម្មកុងស៊ុលដល់ពលរដ្ឋរបស់ពួកគេនៅក្នុងប្រទេសម៉ិកស៊ិក។ ទីក្រុងលីម៉ា មិនទាន់ទទួលបានការជូនដំណឹងណាមួយពីទីក្រុងម៉ិកស៊ីកូទាក់ទងនឹងឋានៈរបស់លោក Chavez នៅឡើយទេ៕
