ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS News ថា លោកចង់ឃើញការកាត់បន្ថយអាវុធនុយក្លេអ៊ែរ នៅទូទាំងពិភពលោក។
លោក ត្រាំ បាននិយាយថា៖«យើងមានអាវុធនុយក្លេអ៊ែរច្រើនជាងប្រទេសដទៃទៀត ហើយខ្ញុំគិតថា យើងគួរតែធ្វើអ្វីមួយអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ ហើយខ្ញុំពិតជាបានពិភាក្សាអំពីរឿងនេះ ជាមួយទាំង ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង»។
លោកបានបន្ថែមថា៖«យើងមានអាវុធនុយក្លេអ៊ែរគ្រប់គ្រាន់ដែលអាចបំផ្ទុះពិភពលោក ១៥០ដង។ ប្រទេសរុស្ស៊ី មានអាវុធនុយក្លេអ៊ែរច្រើន ហើយចិន ក៏នឹងមានច្រើនដែរ»៕

