រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា អ៊ីស្រាអែលមិនបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះការអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា ហើយមិនអនុញ្ញាតឲ្យមានទំនិញជាច្រើនដែលបានព្រមព្រៀងគ្នានោះទេ។

លោក Fidan បាននិយាយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលមានការចូលរួមពីប្រទេសកាតា អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម ហ្ស៊កដានី ប៉ាគីស្ថាន ឥណ្ឌូនេស៊ី និងទួរគីថា៖«អ៊ីស្រាអែលត្រូវតែឈប់រំលោភលើរបបឈប់បាញ់។ ប្រទេសនេះ ក៏មិនបំពេញកាតព្វកិច្ចរបស់ខ្លួនលើការធានាការដឹកជញ្ជូនជំនួយមនុស្សធម៌ផងដែរ។ វាចាំបាច់ក្នុងការធានាការចូលនៃរថយន្តដឹកទំនិញប្រហែល ៦០០គ្រឿងដែលដឹកជំនួយ និងធុងប្រេងឥន្ធនៈចំនួន ៥០ ។ ប៉ុន្តែតាមពិតទៅ យើងមិនឃើញមានអ្នកចូលទៅក្នុងតំបន់ហ្កាហ្សាច្រើនបែបនេះទេ»។
ប្រមុខការទូតទួរគីរូបនេះ ក៏បានបញ្ជាក់ផងដែរថា៖«សហគមន៍អន្តរជាតិ ត្រូវតែបន្តដាក់សម្ពាធលើអ៊ីស្រាអែល ដែលចាប់តាំងពីពេលប្រកាសបទឈប់បាញ់មក បានសម្លាប់ប្រជាជនហ្កាហ្សាប្រហែល ២៥០ នាក់»៕
