អភិបាលរដ្ឋ Kentucky លោក Andy Beshear និយាយថា មនុស្សយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១១នាក់ផ្សេងទៀត រងរបួស ក្រោយយន្តហោះដឹកទំនិញតួធំ UPS UPS.N បានធ្លាក់នៅទីក្រុង Louisville រដ្ឋ Kentucky បណ្តាលឲ្យផ្ទុះជាសំណុំភ្លើងដ៏ធំមួយ ភ្លាមៗក្រោយពេលវាហោះឡើង ។
លោក Beshear និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ពួកយើងមានជំនឿថា ពួកយើងមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សយ៉ាងហោច ៣នាក់ ។ លោកមានជំនឿផងដែរថា ចំនួននេះ អាចនឹងកើនឡើងបន្ថែមទៀត ។ អ្នកណាម្នាក់ដែលបានមើលឃើញរូបភាពវីដេអូឃ្លីប ដឹងថាការធ្លាក់យន្តហោះនេះសាហាវបែបណា ។
យោងតាមការអះអាងរបស់ក្រុមហ៊ុនដឹកជញ្ជូន UPS បានឲ្យដឹងថា អាកាសយានិក ៣នាក់ បាននៅលើយន្តហោះ ។

មុននេះ ទូរទស្សន៍ WLKY បានបង្ហាញរូបភាពវីដេអូឃ្លីបនៃហេតុការណ៍ធ្លាក់យន្តហោះ ពេលដែលវាកើតឡើង ។
យន្តហោះ បានហោះឡើងជាមួយនឹងអគ្គិភ័យនៅស្លាបម្ខាង ហើយសំណុំភ្លើងដ៏ធំមួយបានផ្ទុះឡើង ពេលដែលវាធ្លាក់ដល់ដី ។ អគារជាច្រើនខ្នងនៅក្នុងតំបន់ឧស្សាហកម្មជិតផ្លូវរត់ បានឆាបឆេះជាអគ្គិភ័យឡើង ក្រោយធ្លាក់យន្តហោះ ក្នុងនោះផ្សែងខ្មៅយ៉ាងក្រាស់ បានផុសលើអាកាសនាពេលល្ងាច ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជើងហោះហើរ UPS Flight 2976 បានធ្លាក់នៅវេលាម៉ោងប្រហែល ៥ និង ១៥នាទីល្ងាច ម៉ោងក្នុងស្រុក ថ្ងៃអង្គារ ក្រោយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Louisville Muhammad Ali ស្ថិតក្នុងរដ្ឋ Kentucky ។ ពួកគេបន្តថា យន្តហោះ បានធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ទីក្រុង Honolulu ។
សេវាកម្មសង្រ្គោះបន្ទាន់ក្រុងរណប Louisville បាននិយាយថា ពួកគេបានចេញបញ្ជាឲ្យរកកន្លែងសុវត្ថិភាពសម្រាប់ទីតាំងនៅក្នុងចម្ងាយ ៨គ.មពីអាកាសយានដ្ឋាន ។
អភិបាលក្រុង Louisville លោក Craig Greenberg និយាយនៅលើបណ្តាញព័ត៌មានសង្គមថា មាននូវអ្នករងរបួសជាច្រើននាក់ ហើយអគ្គិភ័យកំពុងឆាបឆេះនៅឡើយ ។ ផ្លូវជាច្រើនខ្សែ ត្រូវបានបិទនៅជុំវិញកន្លែងកើតហេតុ ៕
