ភ្នំពេញ៖ អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីអូមីក្រុង បានចុះដាក់ស្លាកសម្គាល់នៅតាមផ្ទះរបស់ពលរដ្ឋណាដែលមានវិជ្ជមានកូវីដ និងបន្តទំនាក់ទំនងតាមដានសុខភាពរបស់ពួកគាត់ជាប់ជាប្រចាំ។
ក្នុងកាលទេសៈបច្ចុប្បន្នដែលករណីវិជ្ជមានកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង មានការឡើងជាបន្តបន្ទាប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋានតាមភូមិ សង្កាត់ ខណ្ឌ កំពុងមមាញឹកចាត់ចែងការងារនេះយ៉ាងយកចិត្តទុកដាក់។ ជាក់ស្ដែងសម្រាប់សង្កាត់ ដង្កោ ខណ្ឌដង្កោ ក៏មានករណីឆ្លងចំនួន២០ករណីផងដែរ គិតត្រឹមចុងខែ មករា មកទល់ពេលនេះ។ នេះជាការលើកឡើងរបស់លោកស្រី សឿង សេរី ជាចៅសង្កាត់ ខណៈដែលលោកស្រី នាំយកអំណោយមួយចំនួនជូនគ្រួសារដែលបានឆ្លង។
លោកស្រីបន្តថា បច្ចុប្បន្ននេះអាជ្ញាធរគឺបន្តចុះដាក់ស្លាកសម្គាល់តាមទីផ្ទះដែលបានរាយការណ៍ថា វិជ្ជមានកូវីដ-១៩ និងអប់រំណែនាំមិនឱ្យចេញមកក្រៅ និងមិនអនុញ្ញាតឱ្យអ្នកជិតខាង ចូលទៅពាក់ព័ន្ធកំឡុងពេលព្យាបាលនេះ។ លោកស្រីចៅសង្កាត់បន្តថា កំឡុងពេលព្យាបាលក៏អាជ្ញាធរសង្កាត់ ខណ្ឌ បន្តទំនាក់ទំនងជាមួយអ្នកជំងឺជាប្រចាំ ដើម្បីតាមដានស្ថានភាពសុខភាព និងផ្ដល់ប្រឹក្សានានាលើបញ្ហានេះ ។
ពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ-១៩ ជាពិសេសកំឡុងពេលមានការកើនឡើងវីរុសបំប្លែងថ្មី អូមីក្រុងនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេចក្ដីណែនាំបន្ថែម ស្ដីពី ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ សេចក្ដីណែនាំនោះ បានបញ្ជាក់ពីការផាកពិន័យ តាមមាត្រា២ នៃប្រកាសអន្តរក្រសួង ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១របស់ក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល ស្ដីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តិអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ លើសពីនេះគឺការដាក់ពន្ធនាគារ ស្របតាមមាត្រា ១០មាត្រា ១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕ អត្ថបទ៖ គឹមហុក