ក្រោយពេលជួសជុលទំនប់ និងសាងសង់សំណង់សិល្បការ្យរួច អាងទឹកសួង៧៨ មានលទ្ធភាពតម្កល់ទឹកទុកបម្រើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មរដូវវស្សាប្រមាណ ១៣២៥ហិកតា រដូវប្រាំងប្រមាណ ២២៣១ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០ហិកតា របស់ប្រជាពលរដ្ឋប្រមាណ ១៧៣៩គ្រួសារ ក្នុងភូមិចំនួន១២ នៃឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ តួទំនប់បានក្លាយជាផ្លូវគមនាគមន៍សម្រាប់ធ្វើដំណើរឆ្លងកាត់ពីមូលដ្ឋានមកទីប្រជុំជនបានល្អប្រសើរ បម្រើឱ្យការជញ្ជូនកសិកផល និងផលនេសាទ ព្រមទាំងជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញប្រកបដោយសក្តានុពលក្នុងមូលដ្ឋាន។ គម្រោងនេះក៏ជួយបង្កើនទិន្នផលកសិកម្ម និងលើកកម្ពស់ជីវភាពគ្រួសារកសិករឱ្យមានកំណើនប្រាក់ចំណូលប្រសើរជាងមុន។
ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពអាងទឹកនេះឡើងវិញ ក្រសួងធនធានទឹក និងឧតុនិយម ដែលមាននាយកដ្ឋានវិស្វកម្មជាសេនាធិការ បានអនុវត្តការងារជួសជុលទំនប់អាងទឹកសួង៧៨ ជាបីជំហាន ដែលជំហាន១ ក្នុងឆ្នាំ២០២៤ ជំហាន២ ក្នុងឆ្នាំ២០២៥ និងជំហាន៣ គ្រោងអនុវត្តក្នុងឆ្នាំ២០២៦។ នៅជំហាន២ ក្នុងឆ្នាំ២០២៥ នេះ ការងារជួសជុល និងសាងសង់សំខាន់ៗ រួមមាន៖ ១. ជួសជុលទំនប់អាងទឹកប្រវែង ៤៨០០ម៉ែត្រ ២. សាងសង់លូជ្រុងចំនួន ២កន្លែង ៣. សាងសង់ទ្វារទឹក(ទ្វារ២) ចំនួន ៣កន្លែង ៤. សាងសង់ទ្វារទឹក(ទ្វារ៣) ចំនួន ១កន្លែង ៥. សាងសង់ទ្វារទឹក(ទ្វារ៤) ចំនួន ១កន្លែង។
បើតាម លោក ប៉ុន ថន ប្រធានគ្រប់គ្រងការដ្ឋាន នៃគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងរយៈពេលពីរឆ្នាំនេះ ក្រុមការងារកសាងទំនប់បានប្រមាណ ៩គីឡូម៉ែត្រ ហើយនៅសល់ប្រវែងប្រហែល ៥គីឡូម៉ែត្រ ទៀតទៅដល់ស្រុកស្ទោង។ លោកបានបន្ថែមថា ក្រុមការងារបានបំពាក់សំណង់សិល្បការ្យ ដើម្បីរំដោះទឹក និងស្ដុកទឹកទុក ដើម្បីតម្កល់ទឹកផ្គត់ផ្គង់ទៅដល់ផ្ទៃដីបង្កបង្កើនផលកសិកម្មរបស់ប្រជាពលរដ្ឋនៅផ្នែកខាងក្រោមឱ្យបានគ្រប់គ្រាន់។
គួរបញ្ជាក់ថា ទំនប់អាងទឹកសួង៧៨ ស្ថិតក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បានកសាងឡើងតាំងពីសម័យប៉ុល ពត មានតួនាទីស្ទាក់ទឹកពីប្រភពទឹកស្ទឹងជីក្រែង និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ ដើម្បីជួយស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំរួមផ្សំ និងការប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ទំនប់អាងទឹកសួង៧៨ បានជួបប្រទះការហូរច្រោះដាច់ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា មានសភាពទ្រុឌទ្រោមខ្លាំង និងមានការខូចខាតស្ទើរទាំងស្រុង ហើយសំណង់សិល្បការ្យដែលបំពាក់នៅលើទំនប់មិនអាចគ្រប់គ្រង និងបញ្ជាទឹកបាន ដែលបណ្តាលឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានជួបការលំបាកកង្វះទឹកប្រើប្រាស់សម្រាប់ការងារបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕







