ភ្នំពេញ៖ ក្នុងវិបត្តិកូវីដ-១៩ រយៈពេលជាង០២ឆ្នាំមកនេះ បណ្តាមន្ទីរពេទ្យថ្នាក់ជាតិទាំងអស់ បានផ្តល់ សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ដោយអនុវត្តវិធានការសំខាន់ៗ ដើម្បីឆ្លើយតបបន្ទាន់ នៃមេរោគកូវីដ-១៩ បំប្លែងថ្មីនិងបន្តបន្ទាប់។
បើតាមលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ប្រាប់BTVNEWS នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ស្ថានភាពជំងឺកូវីដ-១៩ បន្តរីករាលដាល និងបំប្លែងថ្មី ប្រភេទអូមីក្រុង មិនថាតែនៅប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ ថ្វីត្បិតថាមេរោគកូវីដ-១៩ ប្រភេទអូមីក្រុងនេះ ស្រាលជាងប្រភេទដែលតា ពីមុនមក ក៏ប៉ុន្តែវានៅតែជាទម្ងន់ និងផលលំបាកចំពោះសុខភាពប្រជាជនកម្ពុជា។
ទាក់ទងនឹងការងារខាងលើនេះ មន្ទីរពេទ្យមានវិធានការ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអ្នកជំងឺ និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នៅពេលមកទទួលសេវាពិនិត្យ សម្រាកព្យាបាល និងការផ្តល់សេវា ដោយអនុវត្តនូវវិធានការណ៍សំខាន់ៗ បង្ការការឆ្លងជាយថាហេតុនូវជំងឺកូវីដ-១៩ និងដើម្បីកាត់ផ្តាច់ការចម្លងចូលក្នុងសហគមន៍។
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា ស្របពេលដែលជំងឺកូវីដ-១៩ បន្តរីករាលដាល ស្នើឲ្យក្រុមដែលងាយរងគ្រោះ ដូចជាស្រី្តមានផ្ទៃពោះ ស្រី្តកំពុងតែបំបៅកូនដោយទឹកដោះ ជនចាស់ជរា ដែលមានជំងឺប្រចាំកាយ កុមារតូចមានអាយុចាប់ពី៥ឆ្នាំឡើង ចាំបាច់ ត្រូវតែមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ប្រសិនបើពួកគាត់មិនបានចាក់វ៉ាក់សាំងនោះទេ នៅពេលជំងឺឆ្លងចូលមក អត្រាឈឺ និងស្លាប់ គឺខ្ពស់ជាង ក្រុមអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស និងមានសុខភាពមាំមួន នេះជាបទពិសោធន៍ដែលមនី្ទរពេទ្យបានជួបប្រទះក្នុងរយៈពេលកន្លងមកនេះ ជាពិសេសការឆ្លងជំងឺកូវីដ-១៩ នាឆ្នាំ២០២១មកនេះ។
ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា យ៉ាងតិចបំផុត២ដូស និងដូសជំរុញលើកទី៣ ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងដូសទី៣ រួចហើយ សូមអញ្ជើញមកចាក់វ៉ាក់សាំងដូសទី៤ ដើម្បីជួយការពារសុខភាពបងប្អូនប្រជាពលរដ្ឋ ឲ្យចាកផុតពីជំងឺកាចសាហាវមួយនេះ៕ អត្ថបទ រដ្ឋា





