ឯកឧត្តម រដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយ លោក John Williams ទទួលបន្ទុកការផ្សាយប្រចាំតំបន់អាស៊ីអគ្នេយ៍ និងសិង្ហបូរី និង លោក Nick Kwek ជាពិធីករកម្មវិធីម្ហូបអាហារជុំវិញពិភពលោក នៃបណ្តាញ BBC Global News Limited ដើម្បីជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសគឺការផ្សព្វផ្សាយអំពីម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់កម្ពុជា។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញអ្នកកាសែតទាំងពីររូបមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗ ដើម្បីមកទស្សនា និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស និងពិភពលោកទាំងមូល។
គួរបញ្ជាក់ថា ជំនួបនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមរដ្ឋមន្រ្តី បំពេញទស្សនកិច្ចដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នាទីក្រុងឡុងដ៏ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ៕




