ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨ - The 8th China International Import Expo» ក្រោមមូលបទ “យុគសម័យថ្មី អនាគតរួម-New Era, Shared Future” ចាប់ពីថ្ងៃទី៥ ដល់១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ពន្លាជាតិកម្ពុជាឆ្នាំនេះ ត្រូវបានសាងសង់ឡើងតាមរចនាបទកម្ពុជាក្នុងយុគសម័យទំនើប ដោយបានចែកចេញជា ៤តំបន់ រួមមាន៖ ១. តំបន់រូបភាពបង្ហាញពីសិល្បៈ និងវប្បធម៌ខ្មែរ និងតំបន់តាំងបង្ហាញផលិតផលកម្ពុជា, ២. តំបន់វេទិកាសម្តែង និងផ្ទាំង LED៖ សម្រាប់ផ្សព្វផ្សាយកាលានុវត្តន៍ភាព និងសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ សិល្បៈ និងទេសចរណ៍របស់កម្ពុជា, ៣. តំបន់ជំនួបធុរកិច្ច៖ សម្រាប់ក្រុមហ៊ុន/សហគ្រាសកម្ពុជាទទួលជួបពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការធុរកិច្ច ជាមួយក្រុមហ៊ុនដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ, និង ៤. តំបន់ផ្តល់ព័ត៌មាន៖ ផ្តល់ព័ត៌មានអំពីការធ្វើធុរកិច្ចនិងកិច្ចសម្រួលពាណិជ្ជកម្ម និងផ្តល់ជាផលិតផលសម្រាប់ Tasting៖ គ្រាប់ស្វាយចន្ទី កាហ្វេ មី និងបាយអង្ករសែនក្រអូប។
គួរបញ្ជាក់ថា កម្មវិធីសម្ពោធពន្លាជាតិកម្ពុជាខាងលើ បានប្រព្រឹត្តទៅ នារសៀលថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិសៀងហៃ ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម WANG Liping អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ក្រុមការងារក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនជាច្រើនរូប៕










