
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធ ៥ វិច្ឆិកា បានបញ្ជាឱ្យក្រុមមន្ត្រីជាន់ខ្ពស់របស់លោក រៀបចំសំណើស្តីពីការសាកល្បងអាវុធនុយក្លេអ៊ែរដែលអាចកើតមាន បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកនឹងបន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ។
លោក Putin និយាយថា រុស្ស៊ីតែងតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ប៉ុន្តែប្រសិនបើសហរដ្ឋអាមេរិក ឬមហាអំណាចនុយក្លេអ៊ែរណាមួយបានសាកល្បងអាវុធបែបនេះ រុស្ស៊ីក៏នឹងធ្វើដូច្នោះដែរ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov បានប្រាប់លោក Putin ថា ការអត្ថាធិប្បាយ និងសកម្មភាពថ្មីៗរបស់សហរដ្ឋអាមេរិក មានន័យថា វាជាការគួររៀបចំសម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរពេញលេញជាបន្ទាន់។

មេដឹកនាំរុស្ស៊ី រូបនេះ បាននិយាយថា រូបលោកកំពុងណែនាំក្រសួងការបរទេស ក្រសួងការពារជាតិ សេវាកម្មពិសេស និងទីភ្នាក់ងារស៊ីវិលពាក់ព័ន្ធ ឱ្យធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីប្រមូលព័ត៌មានបន្ថែមអំពីបញ្ហានេះ ដោយវិភាគនៅក្រុមប្រឹក្សាសន្តិសុខ និងធ្វើសំណើដែលបានព្រមព្រៀងលើការចាប់ផ្តើមការងារដែលអាចកើតមានលើការរៀបចំការសាកល្បងអាវុធនុយក្លេអ៊ែរ។
សហរដ្ឋអាមេរិកបានសាកល្បងលើកចុងក្រោយក្នុងឆ្នាំ១៩៩២ ចិន និងបារាំងក្នុងឆ្នាំ ១៩៩៦ និងសហភាពសូវៀតក្នុងឆ្នាំ១៩៩០ ។ក្រោយសូវៀតរុស្ស៊ី ដែលបានទទួលមរតកនូវឃ្លាំងអាវុធនុយក្លេអ៊ែរសូវៀត មិនដែលធ្វើដូច្នេះទេ៕