អាជ្ញាធរការពារជាតិកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងហាក់ដូចជាត្រៀមខ្លួនជាស្រេចហើយ ដើម្បីសាកល្បងនុយក្លេអ៊ែរភ្លាមៗ ប្រសិនបើមេដឹកនាំរបស់ប្រទេស គឺលោក Kim Jong Un ចេញបញ្ជាឲ្យធ្វើបែបនោះ។
កាលពីថ្ងៃពុធ (ទី៥ ខែវិច្ឆិកា) ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិកូរ៉េខាងត្បូង បានផ្តល់ព័ត៌មានដល់សមាជិកសភា ស្តីពីការវិវត្តន៍នៅកូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាងបានសាកល្បងនុយក្លេអ៊ែរលើកទី៦ របស់ខ្លួន ក្នុងឆ្នាំ២០១៧។ សមាជិកសភា នៅឯសន្និសីទសារព័ត៌មាន បាននិយាយថា ពួកគេត្រូវបានប្រាប់ថា កូរ៉េខាងជើងបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការសាកល្បងយ៉ាងឆាប់រហ័ស ប្រសិនបើលោក Kim សម្រេចឲ្យធ្វើ។
សមាជិកសភាក៏ត្រូវបានប្រាប់ដឹងផងដែរ អំពីការវិភាគដែលបង្ហាញថា កូរ៉េខាងជើងបានបង្កើតមីស៊ីល ICBM ដែលអាចហោះបានចម្ងាយជាង ១៣.០០០គីឡូម៉ែត្រ និងមានសមត្ថភាពទៅដល់ដីគោករបស់សហរដ្ឋអាមេរិក ។
ហើយជាមួយគ្នានេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កូរ៉េខាងជើងអាចនឹងព្យាយាមបាញ់មីស៊ីលបាលីស្ទិកប្រភេទ ICBM នៅមុំធម្មតាជាលើកដំបូង ជាជាងនៅមុំខ្ពស់ ដូចការបាញ់សាកល្បងមុនៗ។
ទន្ទឹមនឹងនេះដែរ សមាជិកសភាបានបន្ថែមថា ទីភ្នាក់ងារនេះ បានរាយការណ៍ថា កូរ៉េខាងជើងហាក់ដូចជាកំពុងរៀបចំបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីប្រទេសរុស្ស៊ី៕