នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែវិច្ឆិកា) នេះ ប្រទេសកូរ៉េខាងជើងបានថ្កោលទោស ចំពោះការដាក់ទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិកលើបុគ្គល និងអង្គការដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដោយនិយាយថា ពួកគេបានបង្ហាញពី «ធម្មជាតិទុច្ចរិតរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្កអរិភាព» ប្រឆាំងនឹងរបបនេះ។
ការរិះគន់នេះបានកើតឡើងបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសក្នុងសប្តាហ៍នេះនូវការដាក់ទណ្ឌកម្មលើបុគ្គល ៨រូប និងអង្គភាពចំនួន ២ «ពាក់ព័ន្ធនឹងតួនាទីរបស់ពួកគេ ក្នុងការសម្អាតលុយកខ្វក់ដែលបានមកពីការឆបោកផ្សេងៗតាមអនឡាញរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង)។
ក្រសួងបាននិយាយថា បុគ្គលទាំងនោះ គឺជា «ពួកចោរព័ត៌មានវិទ្យាគាំទ្រដោយរដ្ឋ» ដែលប្រតិបត្តិការខុសច្បាប់របស់ពួកគេ ត្រូវបានធ្វើឡើង «ដើម្បីផ្តល់មូលនិធិដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់របបនេះ« ដោយការលួច និងសម្អាតលុយ។
លោក Kim Un Chol អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាមេរិក នៅក្រសួងការបរទេសកូរ៉េខាងជើង បានបរិហារចំណាត់ការនេះ ក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានផ្សាយដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) នៅថ្ងៃទី៦ ខែវិច្ឆិកានេះ។
លោកបាននិយាយថា៖ «ថ្មីៗនេះរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មផ្តាច់មុខរបស់ខ្លួន លើកូរ៉េខាងជើង ដែលជាប្រភេទនៃទណ្ឌកម្មទី៥ របស់ពួកគេ ចាប់តាំងពីឡើងកាន់តំណែង»។ លោកបានបន្ថែមថា៖ «តាមរយៈការធ្វើដូច្នេះ រដ្ឋបាលអាមេរិក បានបង្ហាញជំហររបស់ខ្លួនទាំងស្រុងថា ខ្លួននឹងបន្តមានអរិភាពជាមួយកូរ៉េខាងជើងរហូតដល់ដំណាក់កាលចុងក្រោយ»៕