ក្រុមហាម៉ាស បានប្រគល់សាកសពអ្នកជាប់ឃុំឃាំងម្នាក់ទៀតទៅឲ្យប្រទេសអ៊ីស្រាអែលវិញ ខណៈ ប្រជាជនប៉ាឡេស្ទីន ទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ទប់ទល់នឹងខែរដូវរងាដ៏ត្រជាក់ ស្របពេលមានការខ្វះខាតទីជម្រក អាហារ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត។
ហ្វូងមនុស្សប៉ាឡេស្ទីនកាលពីថ្ងៃពុធ បានប្រមូលផ្ដុំគ្នានៅមុខផ្ទះបាយក្នុងតំបន់ al-Mawasi ក្នុងទីក្រុង Khan Younis ជាជម្រករបស់មនុស្សយ៉ាងច្រើន ជិតមួយខែដែលបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃ១០តុលា។
ក្រុមប៉ាឡេស្ទីន បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងប្រគល់សពរបស់អ្នកជាប់ឃុំឃាំងអ៊ីស្រាអែលតាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ក្រោយមកបានបញ្ជាក់ពីការផ្ទេរនេះ ដែលឥឡូវនេះសពរបស់អ្នកជាប់ឃុំចំនួន៦នាក់ទៀត ពុំទាន់បញ្ជូនត្រឡប់មកវិញនៅឡើយទេ។
ការត្រលប់មកវិញនៃសាកសពគឺជាចំណុចជាប់គាំងដ៏សំខាន់មួយនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ដោយក្រោយមកបានចោទប្រកាន់ក្រុមប៉ាឡេស្ទីនមួយនេះ ថាបានរំលោភលើកិច្ចព្រមព្រៀងនេះ ដោយមិនបញ្ជូនសាកសពមកវិញទាំងអស់។
ប៉ុន្តែក្រុមហាម៉ាសនិយាយថា កិច្ចខិតខំប្រឹងប្រែងរកសាកពមានភាពស្មុគស្មាញដោយការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅក្នុងតំបន់ហ្កាហ្សា ក៏ដូចជាការរឹតបន្តឹងរបស់អ៊ីស្រាអែលលើការចូលនៃគ្រឿងចក្រធុនធ្ងន់ និងគ្រឿងចក្រឈូសឆាយដើម្បីជួយស្វែងរក៕