ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធ ៥ វិច្ឆិកា នៅតំបន់ភាគខាងត្បូងនៃទីក្រុង Rio de Janeiro របស់ប្រទេសប្រេស៊ីលដើម្បីរិះគន់ប្រតិបត្តិការនគរបាលដ៏សាហាវក្នុងតំបន់ Penha និង Alemao favelas ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១២១ នាក់ស្លាប់។
នគរបាលរដ្ឋនិយាយថា ប្រតិបត្តិការឆ្មក់បង្រ្កាបនេះសំដៅលើក្រុមឧក្រិដ្ឋជនគ្រឿងញៀនដ៏ធំមួយ ហើយត្រូវបានគ្រោងទុកអស់ជាងពីរខែមកហើយ ដែលរៀបចំឡើងដើម្បីដាក់អន្ទាក់ រុញជនសង្ស័យឱ្យចូលទៅក្នុងព្រៃភ្នំ ជាទីដែលអង្គភាពប្រតិបត្តិការពិសេសកំពុងរង់ចាំស្ទាក់ចាប់នៅទីនោះ។
បាតុកម្មដែលរៀបចំដោយចលនាសង្គម សហជីព និងសមាជិកសភា បានដើរក្បួនឆ្ពោះទៅកាន់ Palacio Guanabara ដែលជាលំនៅដ្ឋានផ្លូវការរបស់លោក Claudio Castro អភិបាលក្រុង Rio ។
ការតវ៉ានេះកើតឡើងស្របពេលមានការផ្ទុះកំហឹងជាសាធារណៈកាន់តែខ្លាំងជុំវិញអំពើហិង្សារបស់កងកម្លាំងនគរបាលនៅក្នុងទីក្រុង Rio។ ប្រតិបត្តិការនាពេលថ្មីៗនេះ ដែលត្រូវបានពណ៌នាដោយក្រុមសកម្មជនថាជាគ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ទីក្រុងនេះ បានធ្វើឱ្យមានការត្រួតពិនិត្យកាន់តែខ្លាំងលើវិធីសាស្ត្ររបស់នគរបាលយោធា និងវិធីសាស្រ្តរបស់រដ្ឋាភិបាលរដ្ឋចំពោះសន្តិសុខសាធារណៈ។
ក្រុមបាតុករទាមទារឲ្យមានការទទួលខុសត្រូវពីរដ្ឋាភិបាលក្នុងតំបន់ និងការបញ្ចប់នូវអ្វីដែលពួកគេហៅថាការលុកលុយរបស់យោធាទៅក្នុងតំបន់សំណង់មិនរាបរយ៕