លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បានប្រកាសពីស្ថានភាពគ្រោះមហន្តរាយទូទាំងប្រទេសបន្ទាប់ពីការវាយលុករបស់ព្យុះទីហ្វុង Kalmaegi ដែលគេស្គាល់ថាព្យុះ Tino ក្នុងប្រទេសហ្វីលីពីន ។
លោក Marcos បានបញ្ជាក់ពីសេចក្តីប្រកាសនៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃព្រហស្បតិ៍នេះ តាមការផ្តល់អនុសាសន៍របស់ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDRRMC)។
តួលេខផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ៦ វិច្ឆិកាសប្ដាហ៍នេះថា ព្យុះទីហ្វុង Kalmaegi បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤០នាក់ និង ១២៧នាក់បាត់ខ្លួន បន្ទាប់ពីបានបំផ្លិចបំផ្លាញនិងបង្កជាទឹកជំនន់នៅទូទាំងភាគកណ្តាលប្រទេសហ្វីលីពីន ខណៈព្យុះនេះឆ្ពោះទៅប្រទេសវៀតណាម។
ការិយាល័យការពារជនស៊ីវិលមុននេះ បាននិយាយថាខ្លួនបានកត់ត្រាការស្លាប់ចំនួន ១១៤ នាក់បន្ទាប់ពីព្យុះ Tino បានវាយលុកប្រជុំកោះ Visayas និងផ្នែកខ្លះនៃកោះ Mindanao ។
សហគមន៍ជាច្រើននៅក្នុងប្រជុំកោះ Visayas ត្រូវបានទឹកជំនន់ជន់លិច ខណៈខ្យល់បក់បោករបើកដំបូលផ្ទះ ផ្ដួលរំលំដើមឈើ និងបង្គោលភ្លើង៕