ក្រុមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្កាហ្សាស្ទ្រីបបានរាយការណ៍កាលពីថ្ងៃពុធសប្ដាហ៍នេះ ថា សាកសពបីនាក់បន្ថែមទៀត និងអ្នករងរបួសពីរនាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅហ្កាហ្សាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៤១ នាក់ និងចំនួនអ្នករងរបួសដល់ ៦០៩នាក់ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា។
ពួកគេបាននិយាយថា សាកសពសរុបចំនួន ៥១៣ នាក់ ក៏ត្រូវបានរកឃើញពីគំនរបាក់បែកចាប់តាំងពីពេលនោះមក ដែរ ។
យោងតាមមន្ត្រីសុខាភិបាលហ្កាហ្សា ចំនួនអ្នកស្លាប់សរុបពីសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលជាទឹកដីមានប្រជាជនប្រហែល ២ លាននាក់ បានកើនឡើងដល់ ៦៨.៨៧៥នាក់ និង ១៧០,៦៧៩ នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសចុងក្រោយបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ។
កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ ក្រុមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សាបាននិយាយថា ខ្លួនបានទទួលសាកសពប៉ាឡេស្ទីនចំនួន ១៥ បន្ថែមទៀតពីអ៊ីស្រាអែល តាមរយៈកាកបាទក្រហម ដែលនាំឱ្យចំនួនសាកសពត្រឡប់មកវិញសរុបកើនឡើងដល់ ២៨៥ នាក់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ហើយក្រុមគ្រូពេទ្យបានកំណត់អត្តសញ្ញាណពួកគេចំនួន ៨៤ មកទល់ពេលនេះ៕