បាល់ទាត់៖ ក្លិបបាល់ទាត់អាមេរិក Los Angeles Galaxy បានប្រកាសពីការមកដល់របស់ខ្សែបម្រើស្លាបប្រេស៊ីល Douglas Costa ពីក្លិបអ៊ីតាលី Juventus ក្នុងលក្ខខណ្ឌខ្ចីដល់ចប់រដូវកាល។ ជាមួយគ្នានេះដែរក្នុងកិច្ចសន្យានេះ Douglas Costa ដែលកិច្ចសន្យានឹងអស់សុពលភាពជាមួយ Juventus នៅដំណាច់រដូវកាលនេះនោះ ក៏បានព្រមព្រៀងកិច្ចសន្យានៅជាមួយ LA Galaxy បន្តទៀតដែររហូតដល់ដំណាច់ឆ្នាំ២០២៣។

Douglas Costa ធ្លាប់បានបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិប្រេស៊ីល ៣១លើក និងជាសមាជិករបស់ប្រេស៊ីលផងដែរនៅ World Cup ២០១៨ នៅរុស្ស៊ីដែលឈានឡើងដល់វគ្គ ៨ក្រុមចុងក្រោយ។ ជាមួយក្លិបអាជីព Costa ធ្លាប់លេងឱ្យ Bayern Munich ឈ្នះពាន Bundesliga ៣លើក និងឈ្នះពានអ៊ីតាលី Serie A ៣លើកផងដែរជាមួយសេះបង្កង់ Juventus។ លីគអាមេរិក Major League Soccer នឹងចាប់ផ្តើមរដូវកាល ២០២២ របស់ខ្លួននៅខែកុម្ភៈនេះហើយនៅថ្ងៃទី២៧ ដោយ LA Galaxy ត្រូវទទួលស្វាគមន៍ New York City FC៕
អត្ថបទ៖នាង សុភាវុធ