ក្រុមអ្នកចរចាអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន គ្រោងនឹងចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់ឡើងវិញ នៅប្រទេសទួរគី នាថ្ងៃព្រហស្បតិ៍ (ទី៦ ខែវិច្ឆិកា) នេះ ក្នុងគោលបំណងទប់ស្កាត់កុំឲ្យវិលត្រឡប់ទៅរកអរិភាពវិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុតជាលើកដំបូង រវាងប្រទេសទាំង២ ក្នុងរយៈពេលជាច្រើនឆ្នាំ។
ទំនាក់ទំនង រវាងប្រទេសជិតខាងទាំង២ បានជួបនឹងភាពអាប់អួ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទីក្រុងអ៊ីស្លាម៉ាបាដបានចោទប្រកាន់ក្រុងកាប៊ុលថា បានផ្ដល់ជម្រកខុសច្បាប់ដល់ក្រុមសកម្មប្រយុទ្ធដែលធ្វើការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន ជាការអះអាង ដែលត្រូវបានបដិសេធដោយអាជ្ញាធរតាលីបង់ នៅអាហ្វហ្គានីស្ថាន។
ជម្លោះចុងក្រោយបំផុតបានកើតឡើងបន្ទាប់ពីមានការផ្ទុះនៅក្នុងរដ្ឋធានីរបស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី៩ ខែតុលា ដែលរដ្ឋាភិបាលតាលីបង់បានដាក់ការទទួលការទទួលខុសត្រូវទៅលើប៉ាគីស្ថាន ដោយបានជំរុញឲ្យមានការវាយលុកតាមព្រំដែនសងសឹក។ ការប្រយុទ្ធគ្នាជាបន្តបន្ទាប់ បានសម្លាប់មនុស្សជាង ៧០នាក់ ក្នុងនោះរួមមានទាំងជនស៊ីវិលផងដែរ ហើយរាប់រយនាក់ទៀតរងរបួស។
ប្រទេសទាំង២ ដែលជាអតីតសម្ព័ន្ធមិត្តមានព្រំដែនរួម ២.៦០០គីឡូម៉ែត្រ បានយល់ព្រមកាលពីថ្ងៃទី១៩ ខែតុលា ឲ្យមានបទឈប់បាញ់ដែលសម្របសម្រួលដោយទួរគី និងកាតា ទោះបីជាសេចក្ដីលម្អិតរបស់កិច្ចព្រមព្រៀងនោះមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ។
ការចរចារដ៏តានតឹង ក្នុងទីក្រុងអ៊ីស្តង់ប៊ុលដែលមានរយៈពេលជាច្រើនថ្ងៃ បានបញ្ចប់កាលពីសប្តាហ៍មុន ដោយឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តបទឈប់បាញ់ ហើយនឹងជួបគ្នាម្តងទៀតនៅថ្ងៃព្រហស្បតិ៍នេះ។ គេមិនទាន់ច្បាស់នោះទេថា អ្នកណានឹងដឹកនាំគណៈប្រតិភូ៕