ក្រសួងការពារជាតិបានប្រាប់បណ្ដាញសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែវិច្ឆិកា) នេះថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង យល់ថា ការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅក្នុងស្រុក នឹងជារឿង «សមហេតុផល» ដោយការលើកឡើងនេះកើតមានមួយសប្តាហ៍បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា វានឹងត្រូវបានផលិតនៅសហរដ្ឋអាមេរិក។
លោក Trump បានប្រកាសថា កូរ៉េខាងត្បូងនឹងសាងសង់នាវាមុជទឹកនៅកន្លែងសាងសង់នាវា ក្នុងទីក្រុង Philadelphia «នៅទីនេះនៅសហរដ្ឋអាមេរិក» ជាទីដែលបច្ចេកវិទ្យានុយក្លេអ៊ែរស្ថិតក្នុងចំណោមការសម្ងាត់យោធាដ៏រសើបបំផុត និងត្រូវបានការពារយ៉ាងតឹងរ៉ឹង។
វាកើតឡើងបន្ទាប់ពីទីក្រុងសេអ៊ូល បានប្រកាសថា ប្រទេសទាំង២ បានឈានដល់កិច្ចព្រមព្រៀងទូលំទូលាយមួយ លើការវិនិយោគ និងការសាងសង់នាវា ក្រោយមានកិច្ចប្រជុំរបស់លោក Trump ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung។
អ្នករិះគន់បានជំទាស់ថា តាមការកត់សម្គាល់របស់លោក Trump ទីក្រុងវ៉ាស៊ីនតោនអាចនឹងជំរុញឲ្យទីក្រុងសេអ៊ូលវិនិយោគ នៅកន្លែងសាងសង់នាវា ក្នុងទីក្រុង Philadelphia ជាថ្នូរនឹងការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការសាងសង់នាវានេះ។
ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back បាននិយាយកាលពីថ្ងៃពុធថា វាគឺជារឿងសមហេតុផល ក្នុងការសាងសង់នាវាមុជទឹកនៅក្នុងស្រុក។ នៅពេលត្រូវបានសួរដោយសមាជិកសភា នៅរដ្ឋសភាថា តើលោកជឿថា វាគួរតែមានការសាងសង់នៅក្នុងស្រុកដែរ ឬយ៉ាងណា លោក Ahn បានឆ្លើយថា៖ «យើងជឿថា វាគឺជារឿងសមហេតុផលដោយសារយើងបានប្រមូលផ្ដុំបច្ចេកវិទ្យា និងការស្រាវជ្រាវជាង ៣០ឆ្នាំ»៕