ទីភ្នាក់ងារពន្លត់អគ្គភ័យជាតិ នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែវិច្ឆិកា) បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៧នាក់ បានជាប់នៅក្នុងនោះបន្ទាប់ពីរចនាសម្ព័ន្ធរោងចក្រថាមពលមួយកន្លែង បានដួលរលំនៅឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូង។
អាជ្ញាធរបាននិយាយថា ការដួលរលំបានកើតឡើងនៅម៉ោងប្រហែល ២រសៀល ម៉ោងក្នុងស្រុក នៅទីស្នាក់ការកណ្តាលរោងចក្រ Ulsan Power របស់ក្រុមហ៊ុន Korea East-West Power ក្នុងទីក្រុង Ulsan ភាគអាគ្នេយ៍។
ជាមួយគ្នានេះ ទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិ បានប្រាប់ថា មនុស្ស ២នាក់ត្រូវបានជួយសង្គ្រោះ ខណៈដែលយ៉ាងហោចណាស់ ៧នាក់ផ្សេងទៀតត្រូវបានគេជឿថា ជាប់នៅក្នុងនោះ ហើយនៅតែមិនទាន់រកឃើញ។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ។
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Kim Min-seok បានបញ្ជាឲ្យក្រសួងទាំងអស់ «ប្រមែប្រមូលបុគ្គលិក និងឧបករណ៍ដែលមានទាំងអស់ ដោយដាក់អាទិភាពជាចម្បងលើការជួយសង្គ្រោះអ្នកដែលជាប់ក្នុងនោះ។ ហើយការិយាល័យរបស់នាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា អ្នកស្រុកក៏ត្រូវបានជម្លៀសចេញពីតំបន់នោះដែរ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះត្រូវបានគេរាយការណ៍ថា បានកើតឡើងក្នុងអំឡុងពេលរៀបចំការវាយកម្ទេចរោងចក្រថាមពលកម្ដៅដែលឈប់ដំណើរការ៕