អ៊ុយក្រែន៖ កងទ័ពអ៊ុយក្រែនបានធ្វើសមយុទ្ធនៅតំបន់ Donbas ភាគខាងកើតកាលពីថ្ងៃព្រហស្បតិ៍ ខណៈកងកម្លាំងរុស្ស៊ីបានធ្វើសមយុទ្ធនៅភាគខាងជើងប្រទេសអ៊ុយក្រែនក្នុងប្រទេសបេឡារុស្ស។ រថយន្តប្រយុទ្ធកងទ័ពជើងគោករបស់ប្រទេសអ៊ុយក្រែន បានហ្វឹកហាត់ក្នុងការបាញ់ប្រយុទ្ធដើម្បីត្រៀមខ្លួនទប់ទល់ទៅនឹងការគំរាមរបស់ប្រទេសរុស្ស៊ី។

ទាហាននិយាយថា ពួកគេនឹងវាយបកវិញ ប្រសិនបើប្រទេសរុស្ស៊ីសម្រេចឈ្លានពានអ៊ុយក្រែន។ ប្រទេសរុស្ស៊ីនិយាយថា ខ្លួនគ្មានផែនការឈ្លានពានប្រទេសអ៊ុយក្រែនទេ ប៉ុន្តែចង់ឱ្យប្រទេសលោកខាងលិចរក្សាប្រទេសអ៊ុយក្រែន និងប្រទេសអតីតសហភាពសូវៀតផ្សេង ទៀតកុំឲ្យចូលជាសមាជិកក្នុងអង្គការណាតូ។ ប្រទេសរុស្សីចង់ឱ្យអង្គការណាតូមិនដាក់ពង្រាយសព្វាវុធនៅទីនោះ ហើយរំកិលកងកម្លាំងសម្ព័ន្ធមិត្តចេញពីអឺរ៉ុបខាងកើត។ ប៉ុន្តែសហរដ្ឋអាមេរិក និង NATO បដិសេធទាំងស្រុងនូវការទាមទារទាំងនេះ។ រុស្ស៊ីបាននឹងកំពុងធ្វើសមយុទ្ធរួមជាមួយបេឡារុស្សជិតព្រំដែនភាគខាងជើងប្រទេសអ៊ុយក្រែន ដែលព្រំដែនមានចម្ងាយត្រឹមតែ ៧៥គីឡូម៉ែត្រពីរដ្ឋធានីគៀវរបស់ប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន