សៀមរាប៖ ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់របស់ប្រជារាស្ត្រខ្មែរ ដែលបានប្រារព្ធធ្វើឡើងតាំងពីបុរាណកាលមក ហើយឆ្នាំនេះ នៅរាត្រីថ្ងៃពេញបូណ៌មី ខែកត្តិក ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក៏មានការរៀបចំពិធីបណ្តែតប្រទីបយ៉ាងអធិកអធម ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
ពិធីបណ្តែតប្រទីប តាមគម្ពីរទាថាវង្ស ភាសាបាលី បានចែងថា ពិធីបណ្តែតប្រទីបនេះ ធ្វើឡើងដើម្បីបូជាចំពោះព្រះចង្កូមកែវទាំង ៤ របស់ព្រះសម្មាសម្ពុទ្ធ ដែលប្រតិស្ឋាននៅទីកន្លែងផ្សេងៗ និងបូជាចំពោះស្នាមព្រះបាទរបស់ព្រះអង្គនៅទីទាំង ៥ ក្នុងនោះមាននៅស្ទឹងនម្មទាផងដែរ។
អត្ថន័យនៃការបណ្តែតប្រទីប ចំពោះប្រជាពលរដ្ឋទូទៅ ការបណ្តែតប្រទីបនេះ គឺដើម្បីរម្លឹកដល់គុណនៃព្រះគង្គា (ទឹក) និងព្រះធរណី (ដី) ដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ និងភោគផលល្អប្រសើរ សម្រាប់ការងារកសិកម្ម និងរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាកសិករ។ ពិធីនេះឆ្លុះបញ្ចាំងពីជំនឿសាសនា និងការដឹងគុណយ៉ាងមុតមាំ។
ពិធីបុណ្យអុំទូកនៅខេត្តសៀមរាប តែងតែទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយក្នុងនោះក៏មានការប្រណាំងអុំទូកផងដែរ។ ជាពិសេសនៅរាត្រីពេញបូណ៌មីខែកត្តិក គេឃើញមានការរៀបចំ ពិធីបណ្តែតប្រទីប ដើម្បីបួងសួងសុំសេចក្តីសុខ និងសេចក្តីចម្រើនដល់ប្រទេសជាតិ និងប្រជាពលរដ្ឋគ្រប់ៗគ្នា៕







