ពោធិ៍សាត់៖ ពិធីបុណ្យប្រណាំងទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជាដោយព្រឹត្តិការណ៍ មានរយះពេល ៣ថ្ងៃ ។ ខេត្តពោធិ៍សាត់ទោះជាឆ្នាំនេះមិនបានរៀបចំព្រឹត្តិការណ៍មានលក្ខណៈទ្រង់ទ្រាយធំដូចបណ្តាឆ្នាំកន្លងក៏ដោយក៏រដ្ឋបាលខេត្ត ស្រុក ក្រុង មន្ទីរ អង្គភាពនិងទីវត្តអារាមបានរៀបចំឱ្យមានពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងអកអំបុកសំពះព្រះខែនេះឡើងនៅតាមដងស្ទឹងពោធិ៍សាត់ស្ថិតក្នុងឃុំវាល ស្រុកកណ្តៀងនិងនៅលើបុរីវប្បធម៌កោះសំពៅមាសជាទីប្រជុំជនខេត្តស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់នាថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីអ្នក អ្នកការ អាជីវករ ទាំងក្នុងខេត្តនិងក្រៅខេត្តមកចូលរួមទស្សនាប្រមាណ៥៦០០០នាក់ ។
អត្ថន័យពិធីបុណ្យអំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកមានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងចំពោះសត្រូវ រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំនិងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន រុងរឿងដល់កម្រិតកំពូលថែមទៀត។ ប្រវត្តិសាស្ត្រនេះ ទើបនាំឲ្យប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដី ឲ្យរួចផុតពីការជិះជាន់របស់ខ្មាំងសត្រូវនាសម័យនោះ។ ពិធីនេះបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី ការបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំនិងបានប្រារព្ធធ្វើនៅ តាមបណ្ដារាជធានី ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ចំពោះ អត្ថន័យនៃការបណ្តែតប្រទីបនេះ គឺដើម្បី សម្តែងការរឭកដល់គុណនៃព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាកសិករ។ ក្រៅពីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ បាញ់កាំជ្រួច បង្ហោះគោមព្រោងព្រាតនិងក៏មានកម្មវិធីសប្បាយជាច្រើនទៀត ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ និងញ៉ាំងឲ្យពិធីនេះកាន់តែអ៊ូអរ និងអធិកអធម ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយោងយកកំណើតជាទន្សាយ ដោយគ្រានោះ ព្រះអង្គបានលះបង់អាយុសង្ខារដល់ព្រះឥន្ទ្រាធិរាជ ដើម្បីបំពេញទានបារមី។
បើតាមជំនឿរបស់ដូនតាខ្មែរ ប្រជាពលរដ្ឋយល់ថាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ធ្លាប់កើតជាសត្វទន្សាយ កាលពីព្រះអង្គមិនទាន់ត្រាស់ដឹង គឺជាគ្រាមួយ ព្រះឥន្ទ្រ បានយាងចុះមក ហើយនិមិតខ្លួន ជាតាព្រាហ្មណ៍ម្នាក់នៅចំពោះមុខទន្សាយនោះ ហើយក៏ពោលពាក្យឡើងថា៖ «ជីវិតខ្ញុំនឹងក្ស័យជាមិនខាន បើគ្មានអាហារបរិភោគនាពេលនេះ»។កត្តានេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា និយាយរួមដោយឡែករដ្ឋបាលខេត្ត តែងតែរៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ៕









