ក្រុមហេសបូឡារបស់ប្រទេសលីបង់ នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា ក្រុមជីវពលនេះមាន «សិទ្ធិស្របច្បាប់ក្នុងការទប់ទល់នឹងការកាន់កាប់របស់អ៊ីស្រាអែល» ដោយបន្ថែមថា ខ្លួននឹងគាំទ្រដល់កងទ័ពលីបង់។
ក្រុមហេសបូឡាក៏បានប្រាប់ទៀតផងដែរថា ខណៈពេលដែលលីបង់ត្រូវគោរពបទឈប់បាញ់ ខ្លួនមិនមានកាតព្វកិច្ចត្រូវទាញចូលទៅក្នុងការចរចានយោបាយជាមួយអ៊ីស្រាអែលនោះឡើយ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីលីបង់ លោក Joseph Aoun បានណែនាំកងទ័ពឲ្យប្រឈមជាមួយការលុកលុយរបស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានវាយប្រហារឆ្លងកាត់ព្រំដែនពេញមួយយប់ និងបានសម្លាប់បុគ្គលិកសាលាក្រុងម្នាក់ បើទោះបីជាមានបទឈប់បាញ់សម្របសម្រួលដោយអាមេរិកក៏ដោយ។
ក្រុមនេះបានបញ្ជាក់ថា៖ «យើងសូមបញ្ជាក់ពីសិទ្ធិស្របច្បាប់របស់យើងក្នុងការទប់ទល់នឹងការកាន់កាប់ និងការឈ្លានពាន ហើយឈរខាងកងទ័ពរបស់យើង និងប្រជាជនរបស់យើង ដើម្បីការពារអធិបតេយ្យភាពនៃប្រទេសរបស់យើង»។
ហើយក្រុមហេសបូឡាក៏បានឲ្យដឹងផងដែរថា៖ «យើងកំពុងអនុវត្តសិទ្ធិ ដើម្បីការពារខ្លួនប្រឆាំងនឹងសត្រូវដែលបង្កសង្រ្គាមលើប្រទេសរបស់យើង មិនបញ្ឈប់ការវាយប្រហាររបស់ខ្លួន ហើយប្រឹងប្រែងផ្ដួលរលំរដ្ឋរបស់យើង»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្របសម្រួលឲ្យមានបទឈប់បាញ់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រវាងលីបង់ និងអ៊ីស្រាអែល បន្ទាប់ពីមានជម្លោះរយៈពេលជាងមួយឆ្នាំដែលបង្កឡើងដោយសង្រ្គាម នៅតំបន់ហ្កាហ្សា ប៉ុន្តែការវាយប្រហាររបស់អ៊ីស្រាអែលឆ្លងកាត់ព្រំដែន បានបន្តកើតឡើងជាបន្តបន្ទាប់៕